ប្រហែល២ឆ្នាំហើយ ស្រុតផ្លូវសហព័ន្ធរុស្សី មុខការដ្ឋានប៊ូយុង មិនទាន់ឃើញជួលជុល

ភ្នំពេញ ៖ មហាវិថីសហព័ន្ធរុស្សី នៅចំណុចមុខការដ្ឋាន គម្រោងប៊ូយ៉ុងថោន បានបាក់ស្រុតដោយអន្លឺៗ តាំងពីអំឡុងប្រហែល២ឆ្នាំមុនមកម៉្លេះ រហូតមកទល់ពេលនេះ មានទំហំកាន់តែធំទៅៗ និងមានរូបរាង ប្រហែលថ្លុកក្របី នៅពេលមុខភ្លៀងធ្លាក់មកដក់ជាប់ម្ដងៗ ។ 

ចំណុចរងការខូចខាតនេះ បានបង្កឱ្យមានផលប៉ះពាល់ ដល់ការធ្វើដំណើរ ទៅមកជាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋទូទៅ អស់រយៈពេលយូរឆ្នាំមកហើយ ជាពិសេសកំណាត់ផ្លូវមួយនេះ ជាផ្លូវមួយដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ ទាំងជាតិនិងអន្តរជាតិឆ្លងកាត់ញឹកញាប់បំផុត ។ 

បើតាមប្រភពបានឱ្យដឹងថា ការខូចខាតបាក់ស្រុត ផ្លូវនៅចំណុចខាងលើនេះ គឺផ្ដើមដោយសារ ផ្នែកសាងសង់នៃការដ្ឋាន គម្រោងប៊ូយ៉ុងថោន ស្ថិតក្នុងខណ្ឌសែនសុខ ។ ពេលស្រុតភ្លាមៗ កាលពីអំឡុង២ឆ្នាំមុននោះ ឯកឧត្ដម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យ និងព្រមានភ្លាមៗ ឱ្យមានការសម្រួលបច្ចេកទេស បុកគ្រិះសាងសង់ និងត្រូវជួសជុលផ្លូវ ដែលរងការខូចខាត បាក់ស្រុតនេះវិញជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ ដល់ការធ្វើចរាចរ ឬបង្កជាគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ប៉ុន្តែមកទល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះទៅហើយ ពោលគឺប្រហែល២ឆ្នាំកន្លងផុត គឺ នៅតែដដែល រឹតតែធំលើសដើម ។ 

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យអង្គភាពសារព័ត៌មាន BBN នៅព្រឹកថ្ងៃទី១៤ខែកក្កដានេះថា « គម្រោងជួលជុលផ្លូវនេះ គឺមានក្នុងផែនការ សម្រាប់ជួសជុលស្រាប់ហើយ ដោយសារការអនុវត្តការងាររបស់រដ្ឋបាល ត្រូវស្របតាមផែនការ។» ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *