សមត្ថកិច្ចឃាត់រថយន្តឡិចស៊ីសRX300 មួយគ្រឿងអ្នកបើកបរនិយាយទូរស័ព្ទអោយឈប់បែរបម្រុងបុកសមត្ថកិច្ចទៀត

ភ្នំពេញ៖សមត្ថកិច្ចនគរបាលចរាចរណ៍និងកម្លាំងនគរបាលអន្តរាគមន៍ក្រុងបានដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងកើតរង្វង់មូលតាព្រហ្មលើកំណាត់ផ្លូវជាតិ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅវេលាម៉ោង ២និង១៥នាទី ថ្ងៃទី៣១ ខែ កក្តដា ២០២០ ក៏មានរថយន្តឡិចស៊ីសពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AM-3597 បើកឆ្លងកាត់បាននិយាយទូរស័ព្ទក្នុងការបើកបរ ក៏ត្រូវកម្លាំងឃាត់ដើម្បីធ្វើការផាកពិន័យ ប៉ុន្តែបែរជាអ្នក បើកបរមិនឈប់រកបុកទាំងសមត្ថកិច្ចនិងរ៉ឺយ៉ែរថយក្រោយរកប៉ះរថយន្តផ្សេងទៀត ។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចចរាចរណ៍នៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ជើងគោក និង កម្លាំងសមត្ថកិច្ចអន្តរាគមន៍បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងកើតរង្វង់មូលតាព្រហ្ម ខណៈពេល ដែលកំពុងធ្វើការក៏មានរថយន្ត ម៉ាកឡិចស៊ីស RX300 មួយគ្រឿងដោយបើកបរក្នុងទិសដៅពីជើងមកត្បូង(ចូលរាជធានីភ្នំពេញ)ដោយបុរសអ្នកបើកបរ បាននិយាយទូរស័ព្ទភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើង បានហៅរថយន្តខាងលើ ចូលអែបខាង ដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍ ដែលបានកំណត់។ ប៉ុន្តែម្ចាស់រថយន្តខាងលើមិនបានចុះមកធ្វើការផាកពិន័យនោះទេ បែរជាបើករថយន្តមកបុកលើកម្លាំងសមត្ថកិច្ចដែលកំពុងឈរនៅខាងមុខ ឃើញដូចនោះកម្លាំងសមត្ថកិច្ចបានយកបារ៉ាស់មកដាក់ពីមុខនិងពីក្រោយរថយន្តតែម្ចាស់រថយន្តនៅតែបន្តបើកទៅមុខ ទាល់តែកម្លាំងយកដុំថ្មមកដាក់ក្រោយរថយន្តបន្ថែមទៀត។

ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញបានទៅនិយាយម្ចាស់រថយន្តម្តងទៀតដោយហៅឲ្យចុះមកក្រៅដើម្បីទទួលការផាកពិន័យតែម្ចាស់រថយន្តខាងលើមិនព្រមទទួលស្គាល់កំហុសសមត្ថកិច្ចក៏បាននាំខ្លួននិងយករថយន្តខាងលើទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *