ស្គាល់គ្នា៣ថ្ងៃ ត្រូវគេវាយប្លន់យកទាំងម៉ូតូនិងកាបូប នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានជនសង្ស័យ២នាក់ វាយប្លន់យកម៉ូតូនិងកាបូបស្ពាយ យកទៅបាត់ កាលពីវេលាម៉ោង៩យប់ ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ ចំណុចផ្លូវបេតុង កែងនិងផ្លូវ២១៧(មុនីរ៉េត) ជិតគល់ស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យិង យឿង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកកង់បីដឹកអីវ៉ាន់ ស្នាក់នៅកន្លែងធ្វើការ ម្តុំអតីតរោងកុនគីរីរម្យមានស្រុកកំណើត នៅខេត្តព្រះវិហារ ម៉ូតូដែលបាត់ទៅ ម៉ាកធូដេ ពណ៌ស មិនចាំស្លាកលេខ ។

តាមសម្តីរៀបរាប់របស់ជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ដំបូងគាត់បានយកម៉ូតូ របស់ថៅកែម៉ាកធូដេ ជិះមកជួបជនសង្ស័យ ដែលទើបស្គាល់គ្នាបាន៣ថ្ងៃ តែប៉ុណ្ណោះ នៅមុខផ្ទះសំណាក់ ជិតស្ពានអាកាស ស្ទឹងមានជ័យ ជនសង្ស័យមានគ្នាពីរនាក់ ជនសង្ស័យជាអ្នកឌុបជនរងគ្រោះ ជិះចុះជិះឡើង ចូលទៅក្នុងផ្លូវតូចៗ រួចក៏ត្រូវពួកជនសង្ស័យព្រួតវាយ យកម៉ូតូ និងកាបូបតែម្ដង ក្នុងនោះមានលុយ៥០ដុល្លារ និងទូរស័ព្ទមួយគ្រឿង ។ 

ក្រោយមក សមត្ថកិច្ចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោស នៅពេលក្រោយ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *