បានGPSយោង រកឃើញនិងចាប់ជនសង្ស័យកាច់.កម៉ូតូបាន នៅជិតកោះពេជ្រ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន បាននិងដកហូតម៉ូតូជនរងគ្រោះមកវិញ ក្រោយធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខផ្ទះលេខ៨៨ ផ្លូវលេខ៩៥ ក្រុម១១ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈន ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាម្ចាស់ម៉ូតូម៉ាកZoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល ដោយបានចាក់សោ.កត្រឹមត្រូវ រួវបានចេញទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិ ស្រាប់តែត្រឡប់មកវិញ បាត់ម៉ូតូតែម្តង ក៏ប្រញាប់ប្រាប់ម្ចាស់ផ្ទះជួល ឆែកមើលកាមេរ៉ាសុវត្ថិភាពបានឃើញជនសង្ស័យលួចយកជិះចេញទៅបាត់ ។

ប្រភពបន្តថា ដោយសារម៉ូតូជនរងគ្រោះដាក់ GPS ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនតាមរក ក៏ឃើញម៉ូតូរបស់ខ្លួន នៅមុខសណ្ឋាគារ PBC ទល់មុខរដ្ឋសភា ឈប់នៅទីនោះ ទើបជនរងគ្រោះចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក ធ្វើការឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *