គណៈមេធាវី ដាក់ទណ្ឌកម្មវិន័យ លើមេធាវី ឡាចសំរោងពាក់ព័ន្ធដកលុយ កូនក្ដីចំនួន២៦ម៉ឺនដុល្លារ

ភ្នំពេញ ៖ យោងតាមសេចក្ដីសម្រេច របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការដាក់ទណ្ឌកម្មវិន័យ លើលោកមេធាវីឡាច សំរោង ចុះកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចដាក់ទណ្ឌកម្មវិន័យ លើលោកមេធាវី ឡាច សំរោង ដែលមានអត្តលេខ៧៤៩ មិនឱ្យប្រកបវិជ្ជាជីវៈមេធាវី រយៈពេល៦ខែ ដោយហេតុ បានលួចដកលុយកូនក្ដីឬអតិថិជន ចំនួន២៦០០០០ដុល្លារអាមេរិក ។ 

នៅក្នុងសេចក្ដីសម្រេចនោះមាន៥ប្រការ ហើយប្រការ១ បញ្ជាក់ថា មេធាវីត្រូវព្យាយាម រក្សាទំនាក់ទំនងល្អ ជាមួយអតិថិជន និងព្យាយាមបញ្ចៀសជម្លោះ ជាមួយអតិថិជន ប៉ុន្តែក្នុងករណីនេះ លោកមេធាវី ឡាច សំរោង បែរជាដកប្រាក់ ដែលអតិថិជនប្រគល់ឱ្យសម្រាប់យកទិញដីពីរប្លង់ ពីតុលាការអនុវត្ត ទៅប្រើប្រាស់ក្នុងករណីផ្សេង ដោយពុំមានកំណត់ក្នុងកិច្ចសន្យា ឬពុំមានការយល់ព្រមពីអតិថិជនទៅវិញ។ អំពើនេះល្មើសនឹងមាត្រា១៨ មាត្រា២៣ និងមាត្រា២៨ នៃក្រមសីលធម៌មេធាវី ។ 

ក្នុងប្រការ២ ចំណុច១ គណៈកម្មការវិន័យ នៃក្រុមប្រឹក្សាគណៈមេធាវី បានសម្រេច ដាក់ទណ្ឌកម្មវិន័យ ហាមឃាត់ ភាគីឆ្លើយតបឈ្មោះមេធាវី ឡាច សំរោង អត្ដលេខ៧៤៩ មិនឱ្យប្រកបវិជ្ជាជីវៈមេធាវី រយៈពេល៦ខែ ស្របតាមមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្ដិកៈមេធាវី។ ក្នុងរយៈពេលហាមឃាត់ ការប្រកបវិជ្ជាជីវៈ មេធាវីនេះ លោកមេធាវី ឡាច សំរោង នៅតែមានកាតព្វកិច្ចបង់វិភាគទាន និងគោរពតាមវិធានវិជ្ជាជីវៈមេធាវីដដែលនិងត្រូវ ប្រគល់ប្រាក់ចំនួន២៦០,០០០ (ពីររយហុកសិបពាន់) ដុល្លារអាមេរិកឱ្យទៅភាគីទាមទារវិញ ។ សេចក្ដីលម្អិត សូមអានសេចក្ដីសម្រេចនៅខាងក្រោម ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *