រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ស្នើកុំចាត់ទុកការសរសេរអត្ថបទអវិជ្ជមាន សុទ្ធតែគេប្រឆាំងទាំងអស់ សំខាន់ត្រូវប្រញាប់ធ្វើការបំភ្លឺ ឱ្យបានឆាប់រហ័ស

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងថា សូមកុំចាត់ទុក​ឱ្យ តែគេសរសេរអត្ថបទអវិជ្ជមានសុទ្ធតែគេប្រឆាំងទាំងអស់ សំខាន់គឺ​យើងត្រូវយកដំណឹងពិត ដាក់ផ្សាយទៅឱ្យបានរហ័ស ជាពិសេស Fake News វាក៏បាន​ធ្វើការ​ចាក់ក្រឡេក ឱ្យមន្រ្ដីតាមខេត្ដ តាមមន្ទីរ ឱ្យរហ័សកុំឱ្យដេកលក់ ជាពិសេស នៅពេល​ដែល​មានអ្វីប៉ះពាល់ខ្លួនឯងភ្លាម ពួកគាត់ប្រញាប់ ធ្វើការបំភ្លឺឱ្យបានឆាប់រហ័ស ។ 

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ការងារបច្ចុប្បន្ននេះ គឺការងារ ដែលស្មុគស្មាញ​បំផុត គឺ​ការផ្សព្វផ្សាយ ដំណឹងក្លែងក្លាយ ឬដំណឹងមិនពិត(Fake News)​ ។ ការផ្សាយព័ត៌មានមិនពិតនេះ សម្រាប់ជំហររបស់ក្រសួង មិនធ្វើការប្ដឹងផ្ដល់នោះទេ សំខាន់ គឺ​យើងត្រូវយកដំណឹងពិត ដាក់ផ្សាយទៅឱ្យបាន រហ័ស ។

ឯកឧត្ដមបានស្នើមន្រ្ដីគ្រប់ផ្នែកទាំងអស់ ត្រូវចៀសវាងដាច់ខាត ចាត់ទុកចំពោះអ្នកដែលសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំងនោះ ត្រូវឈប់គិតដូច្នេះទៀត ត្រូវមើលការសរសេរនេះ ពិតឬមិនពិតដែរទេ ? ហើយបើមើលទៅ​ពិតដល់​ត្រឹមណា និងត្រូវដោះស្រាយយ៉ាងម៉េចដែរ ។ ឯកឧត្ដម ក៏បានសង្កត់ធ្ងន់ ទៅអ្នកប្រកបរបរសារព័ត៌មានទាំងអស់ តោងគិតកុំឱ្យតែអ្នកកាសែតមានទោស គិតថាអ្នកកាសែតគឺជាជនរងគ្រោះទាំងអស់នោះ យើងមិនអាចទៅ​ការ​ពារ​អ្នកកាសែត ដែលមិនល្អដែលធ្វើខុសពីច្បាប់នោះដែរ នាំឱ្យប៉ះពាល់កិត្តិយស អ្នកសារព័ត៌មានទាំងអស់គ្នា ។ 

ឯកឧត្ដមបានថ្លែងបែបនេះ ក្នុងវេទិកាពិភាក្សាវាយតម្លៃ សកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ទាក់ទងនឹងវឌ្ឍនភាពការងារឆ្នាំ២០១៩និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និង​រដ្ឋបាលរាជធានី ខេត្ដ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ៕ ដោយ ៖រតនា 

Leave a Reply

Your email address will not be published. Required fields are marked *