ពេលដ៏ខ្លីខាងមុខ នឹងលែងមានការ ធ្វើអាជីវកម្មសាច់ឆ្កែទាំងស្រុង នៅក្នុងស្រុក បន្ទាយស្រី

សៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងតាមទំព័រហ្វេសបុកផ្លូវការ នៅថ្ងៃទី ១២ ខែសីហាឆ្នាំ២០២០នេះថា កាលពីម្សិលមិញនេះ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយ មន្ត្រីមកពីមន្ទីរកសិកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យកន្លែង ទិញលក់សត្វឆ្កែ នៅក្នុងទូទាំងស្រុកបន្ទាយស្រី ។

ក្រុមការងារបានសង្កេតឃើញថា កន្លែងដែលទិញលក់ធំជាងគេនៅក្នុងស្រុក (និងក៏ជាកន្លែងធំជាងគេ នៅក្នុងខេត្តសៀមរាបដែរនោះ) បានបញ្ឈប់ ការធ្វើអាជីវកម្ម របស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន២កន្លែងទៀត ដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំសារជាថ្មី ឲ្យបញ្ឈប់អាជីវកម្មផងដែរ ។ 

ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុកបន្ទាយស្រី នឹងបន្តប្រកាន់ជំហរ ទន់ភ្លន់លើបញ្ហានេះ ផ្តល់អាទិភាពទៅលើគោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំ ឲ្យបញ្ឈប់ច្រើនជាងការចាប់បង្ខំ ហើយរដ្ឋបាលស្រុក ក៏កំពុងធ្វើការជាមួយ អង្គការសង្គ្រោះសត្វកម្ពុជា(Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ដើម្បីរិះរក វិធីជួយសម្រួលដល់ការផ្លាស់ប្តូរ មុខរបរថ្មី របស់បងប្អូនអាជីវករ ក្នុងដំណាក់កាលអន្តរកាលនេះ ។ 

លោកអភិបាលស្រុកសង្ឃឹមថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុក ដែលគ្មានការជួញដូរសាច់ឆ្កែទាំងស្រុង និងស្តារមកវិញ នូវកិត្តិនាមជាស្រុកទេសចរណ៍ ដែលមានការអោយតម្លៃ ទៅលើអាយុជីវិត និងសុខមាលភាពរបស់សត្វឆ្កែ ។

សូមបញ្ជាក់ថាការជួញដូរនេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះ របស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាបតួយ៉ាងមានសារពត៌មានអន្តរជាតិ ចំនួន១៨០បណ្តាញ បានធ្វើការចុះផ្សាយរិះគន់ នៅលើគេហទំព័ររបស់ពួកគេ ក្នុងអំឡុងពីខែវិច្ឆិកានិងខែធ្នូ២០១៩ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *