ក្រោយដកបញ្ឈរជើង លោក អ៊ុក កុសល អះអាងថា បណ្ដឹងនគរបាលនារីៗនោះ គឺជាការរៀបចំធ្វើស៊ី, ហើយភ្លាមៗលោកមិនបានបកស្រាយ ព្រោះរង់ចាំបញ្ជា

ភ្នំពេញ ៖ ក្រោយពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច ផ្អាកការងារ លោកឧត្តមសេនីយទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាបណ្ដោះអាសន្ន ហើយសាមីខ្លួន ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ រង់ចាំការសម្រេចជាថ្មីនោះ លោក អ៊ុក កុសល បានរៀបរាប់ថា បណ្ដឹងរបស់នគរបាលនារីៗនោះ គឺជាការរៀបចំធ្វើស៊ី ចង់ផ្ដួលមុខតំណែងលោក ។ 

ក្នងខ្លីបវីដេអូ ដែលបង្ហាញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ រៀបរាប់ដោយលោក អ៊ុក កុសល បានបញ្ជាក់ថា លោកមានការសោកស្ដាយជាខ្លាំង ចំពោះបណ្ដឹងមួយនេះ ហើយត្រូវបានផ្សព្វផ្សាយ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់លោក ។ ភ្លាមៗ មូលហេតុដែលលោកនៅស្ងៀម មិនព្រមបកស្រាយអ្វីទាំងអស់នោះ គឺលោករង់ចាំបទបញ្ជាពីថ្នាក់លើ មានសម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដមនាយឧត្ដមសេនីយ នេត សាវឿន ព្រោះលោក មានមេកើយត្រឹមត្រូវ មិនអាចចេះតែនិយាយនោះទេ ។ 

លោកបានបន្តថា ពាក់ព័ន្ធបណ្ដឹងមួយនោះ គឺជាការរៀបចំ ជាប្រព័ន្ធ និងមានសេណារីយោច្បាស់លាស់ ដែលជនមួយក្រុមនោះបានអូសទាញឱ្យមាន ជាពាក្យបណ្ដឹងបែបនេះកើតឡើង ក្នុងគោលបំណង ចង់ផ្ដួលតំណែងលោកប៉ុណ្ណោះ ។ លោកពិតជាសប្បាយរីករាយ នៅពេលថ្នាក់ដឹកនាំ ចុះមកស្រាវជ្រាវ ដើម្បីរកយុត្តិធម៌បែបនេះ ហើយការដកតំណែងបណ្ដោះអាសន្ន គឺលោកព្រមទទួលដោយស្ម័គ្រចិត្ត និងរីករាយ ។ 

ទោះជាយ៉ាងណា សំណុំរឿងនេះកំពុងស្ថិត ក្នុងការស៊ើបអង្កេតជាបន្តបន្ទាប់ របស់ក្រុមការងារ ក្រសួងមហាផ្ទៃ នៅមិនទាន់ប្រកាសពីលទ្ធផល នៅឡើយនោះទេ ។ សូមជម្រាបថា ឯកឧត្ដមនាយឧត្ដមសេនីយ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិធ្លាប់បានបញ្ជាក់ថា បេី​ក្រុមស៊េីបអង្កេត រកឃេីញ​ដូចការចោទប្រកាន់តាមពាក្យបណ្ដឹង របស់នគរបាលនារីៗ​នោះមែន​ ឯកឧត្ដមនឹងចាត់​ការតាមច្បាប់​ ដោយមិនលេីកលែងឡេីយ​ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *