អនុញ្ញាតឲ្យត្រឹមតែ ៤០តោន តែដឹកជិត៨០តោន , ក្រសួងចុះឆ្មក់និងឃាត់ បានរថយន្តដឹកលើសទម្ងន់យក្ស ៧គ្រឿង

ភ្នំពេញ ៖ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ នៅវេលាម៉ោង ៣រសៀល ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ បានដឹកនាំត្រួតពិនិត្យយានយន្ត លើសទម្ងន់ កម្រិតកំណត់ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអជ្ញាធរមូលដ្ឋានបានឃាត់រថយន្តដឹកលើសទម្ងន់ នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ 

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារឃាត់បានរថយន្តដឹកលើសទម្ងន់យក្សចំនួន៧គ្រឿង ដែលរថយន្តនីមួយៗមានទម្ងន់សរុបចាប់ពី៧៧តោន ឡើងទៅ ដែលទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ ។  

រថយន្តទាំងនោះជាប្រភេទ រថយន្តសណ្តោងសឺមុីរម៉ក(V1) ដឹកគ្រាប់ពោតចេញពី ព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះ ត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ ផ្លូវថ្នល់មាត្រា ៦០។ 

ក្រសួងបានជម្រាប ដល់បងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់បាន បង្កមហន្តរាយធ្ងន់ធ្ងរដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ ៕ ដោយ ៖ រតនា

Leave a Reply

Your email address will not be published. Required fields are marked *