ឯកឧត្ដមជិន ម៉ាលីនឆ្លើយតប៣ ចំណុចទៅកាន់លោកស្រីRhona Smith

ឯកឧត្ដមជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតប៣ចំណុចទៅកាន់លោកស្រីRhona Smith អ្នករាយការណ៍ពិសេស​​របស់​​អង្គការ​សហប្រជាជាតិ ​​ទទួល​បន្ទុក​​ខាង​​សិទ្ធិមនុស្ស​​ប្រចាំ​​នៅ​​កម្ពុជាដែលលើក​ឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ឯកឧត្ដមជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ១. វាជារឿងធម្មតាដែលលោកស្រី Rhona Smith លើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅពេលដែលលោកស្រីទទួលបាននូវរបាយការណ៍ ក៏ដូចជាព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីនេះ ទោះបីជារបាយការណ៍និងព័ត៌មានទាំងនោះផ្តល់ដោយប្រភពនិងក្រុមដែលមាននិន្នាការនយោបាយយ៉ាងណាក៏ដោយ ព្រោះវាជាកតព្វកិច្ចនិងអណត្តិរបស់លោកស្រីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

២. សាររបស់លោកស្រីមិនបានចោទប្រកាន់វិធានការច្បាប់របស់សមត្ថកិច្ចថាជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ គឺគ្រាន់តែលើកពីគោលការណ៍ទូទៅនៃសិទ្ធិមនុស្សដែលរដ្ឋាភិបាលមានកាតព្វកិច្ចគោរព ការពារ និងបំពេញ ដើម្បីធានាថាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ខ្លួនបានដោយសេរី និងក្នុងក្របខណ្ឌច្បាប់ ហើយដែលរដ្ឋាភិបាលបាននិងកំពុងប្រកាន់យកនិងអនុវត្តយ៉ាងភ្ជាប់ភ្ជួនតាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ នាពេលកន្លងមក។

៣. ការដែលលោកស្រីជំរុញឱ្យសមត្ថកិច្ចបញ្ជូនជនល្មើសទៅតុលាការ សរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា លោកស្រីគាំទ្រនិងយល់ច្បាស់នូវវិធានការច្បាប់របស់រដ្ឋាភិបាលចំពោះអ្នកដែលអនុវត្តសិទ្ធិដោយបំពាននិងឈានទៅការប្រព្រឹត្តបទល្មើស ដែលជនជាប់ចោទត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ និងត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីធ្វើការការពារខ្លួនតតាំងជាមួយសមត្ថកិច្ច ដែលមានមូលដ្ឋានច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងការចោទប្រកាន់ ហើយដែលនេះជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាជាងការជួបជុំតវ៉ាបែបអនាធិបតេយ្យ ដាក់សម្ពាធន៍ដល់រដ្ឋាភិបាលនិងស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យឱ្យធ្វើការដោះលែងឬទម្លាក់ចោលបទចោទទាំងបំពានច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យនីតិរដ្ឋ និងការបែងចែកអំណាច៕ ដោយ៖ពៅ វីរៈ

Leave a Reply

Your email address will not be published. Required fields are marked *