រថយន្តស៊ីម៉ងត៍ បុកយានយន្តជាច្រើន គ្រឿង កំពុងឈប់ស្តុប បណ្ដាលមនុស្ស២នាក់បាត់បង់ជីវិត

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន២នាក់ បានរងគ្រោះ រហូតបាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្ត ដឹកមេស៊ីម៉ងត៍បើកបរលឿន មកបុកយានយន្តជាច្រើនគ្រឿង កំពុងឈប់ស្តុប កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មាន ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកបើកបរកង់បីឥណ្ឌា ពាក់ស្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើត ខេត្តតាកែវ បានដឹកស្ត្រីម្នាក់( ភ្ញៀវ) ជាជនរងគ្រោះទី២ មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ ចំណែករថយន្តបង្ក ជាប្រភេទរថយន្ត ដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-3667 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាត់ខ្លួន ។ 

ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ម៉ូតូកង់បីរងគ្រោះ ធ្វើដំណើរតាម បណ្ដោយផ្លូវ ភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុ បានឈប់ នៅពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច រីវ៉ូ រង់ចាំភ្លើងស្តុប ។ ខណៈកំពុងឈប់ស្រាប់តែរថយន្ត ដឹកមេស៊ីម៉ង់ត៍ មកពីក្រោយ ក្នុងល្បឿនលឿន បុកម៉ូតូកង់បីពីក្រោយរុញទៅផ្ទប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូបណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត បើកបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង។

ប្រភពបន្តថា រថយន្តបង្កបានព្យាយាម បន្ថែមល្បឿន ដោយម៉ូតូកង់បី ជាប់នៅក្រោមរថយន្ត កិនអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យតែកុងម៉ូតូកង់បី ស្រ្តីរួមដំណើរ បាត់បង់ជីវិតទាំង២នាក់។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចចេញ មកអន្តរាគមន៍ ធ្វើការឃាត់បានតែកុងរថយន្ត។ ក្រោយកើតហេតុ សមត្ថកិច្ច វាស់វែងយកយានយន្ត ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ រីឯសពជនរងគ្រោះតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *