ជ្រុលបុកម៉ូតូបណ្ដាលនារីម្នាក់ស្លាប់ តៃកុងឡានចុះមកក្អួតពេញផ្លូវ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូបំរុងបត់ឆ្វេង ត្រូវរថយន្តវ៉ាស្តាំមកបុក ពេញទំហឹង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួន ភូមិព្រែក ប្រណាក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ សឿង សា វ៉ាត អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុ ខេត្តកណ្តាលជិះម៉ូតូកូនទាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2363 រីឯរថយន្តម៉ាក មីស៊ុយ មីសុី ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2.6327 ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីលិចទៅកើតខណៈមកដល់ចំណុច កើតហេតុ ខាងលើក៏ឈប់ បម្រុងនឹងបត់ឆ្វេងដៃ ក៏ស្រាប់តែមាន រថយន្តបង្កមកពីក្រោយស្របទិសគ្នា ហើយបានវ៉ារថយន្តមួយគ្រឿងទៀត ខាងស្ដាំដៃយ៉ាងលឿន មកបុកម៉ូតូស្ត្រីរងគ្រោះ បណ្ដាលឱ្យប៉ើងជាច្រើនម៉ែត្រ ស្លាប់ភ្លាម។ 

ប្រភពបន្តថា ភ្លាមៗគេឃើញបុរសជាតៃកុងរថយន្ត ចុះមកក្អួតពេញផ្លូវ ទំនងស្រវឹងស្រាជោគខ្លួន ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយ តាមនីតិវិធី ។ ចំពោះសាកសព ត្រូវប្ដីដឹកយកទៅស្រុកកំណើត ធ្វើបុណ្យ តាមប្រពៃណី ៕  ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *