សម្ដេច ស ខេង ណែនាំ អភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់ ជាអាទិភាពបំផុត លើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីកហរសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បាន ណែនាំអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ជាអាទិភាពបំផុត លើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហា ប្រឈមចំពោះមុខបន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្ត ភាគពាយ័ព្យប្រទេស ។ 

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា « ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាម បណ្ដាខេត្តភាគពាយ័ព្យប្រទេស ខ្ញុំសូមណែនាំ ឯកឧត្តម លោកជំទាវ បន្តយកចិត្តទុកដាក់ជាអាទិភាពបំផុតលើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ​ ។ 

នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍នៅតាមដងផ្លូវដែលមានការជន់លិចក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំសូមណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។

ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព ជាពិសេសរាល់ពេលធ្វើដំណើរនៅតំបន់ដែលមានការជន់លិច​ » ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *