កម្ពស់ទឹកដងស្ទឹងសែនខេត្តព្រះវិហារ បន្តហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន

ព្រះវិហារ ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានដឹងថា កម្ពស់ទឹកដងស្ទឹងសែនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បន្តហក់ឡើងខ្ពស់ ដល់កម្រិតប្រកាសអាសន្នហើយ គឺមានកម្ពស់១១,៥៨ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្ន គឺមានកម្ពស់១១.៥០ម៉ែត្រ។ ហើយព្រឹកមិញនេះ មេឃនៅតែបន្តភ្លៀង ។ 

ជាមួយគ្នានេះ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានអញ្ជើញចុះពិនិត្យមើល ពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងបានដាក់ចេញ នូវវិធានការបន្ថែម ដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង ស្រុក ត្រៀមក្រុមការងារចុះជួយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា នៅតាមគោលដៅ ដែលរងផលប៉ះពាល់ ចេញពីក្នុងក្រុង ក្នុងករណីភ្លៀង នៅតែបន្តធ្លាក់ជាគំហុក ដើម្បីបង្ការផលប៉ះពាល់នានា និងទប់ទឹកកុំឲ្យហូរកាត់ផ្លូវ ដែលអាចបង្កជាជំនន់ ឬមានការជន់លិចលំនៅឋាន របស់ប្រជាពលរដ្ឋ ។

ឯកឧត្ដមបានអំពាវនាវ ដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលការជន់លិច និងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយ ទន្លេ ស្ទឹង និងទីកន្លែងនានា ដែលមានហានិភ័យខ្ពស់អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ច បន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៨ ដោយមិនត្រូវធ្វេស ប្រហែសជាដាច់ខាត ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *