និស្សិតម្នាក់ទ្រហោយំស្ដាយទ្រព្យ ដោយសារចោរឆក់កាបូប ទាំងព្រលឹមអុល នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ នារីម្នាក់បានទ្រហោយំ សោកស្ដាយ ទ្រព្យសម្បត្តិរបស់ខ្លួន ដែលខំរកបានយ៉ាងលំបាក ក៏ត្រូវចោរឆក់កាបូបយកទៅអស់កាលពីវេលាម៉ោង៥និង៥០នាទី ព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចជិតវិទ្យាស្ថានវ៉ាន់ដា តាមបណ្តោយមហាវិថីម៉ៅសេទុង នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ចន រស្មី ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិត សាលាN.U.M ឆ្នាំទី៤ ស្នាក់នៅម្ដុំ ផ្លូវវែងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានទីកំណើត នៅស្រុកស្វាយរៀង ខេត្តស្វាយរៀង បានបាត់បង់ កាបូបមួយពណ៌ក្រហម ក្នុងកាបូបមានទូរស័ព្ទ ដៃទំនើប២គ្រឿង កាតធនាគារចំនួន២ អត្តសញ្ញាណបណ្ណ និងលុយចំនួន២ម៉ឺនរៀល ត្រូវបានចោរឆក់ យកទៅបាត់ ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខព្រៃវែង1G-6142 ។ 

តាមសម្ដីនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា ដំបូងឡើយ គាត់បានជិះម៉ូតូ ចេញពីផ្លូវវេងស្រេង បត់មកផ្លូវ 217 រហូតដល់ស្តុបថៃប៊ុនរ៉ុង ក៏បត់ស្ដាំតាមបណ្ដោយផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ2នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ( ម៉ូតូទីមួយគឺម៉ាកឌ្រីមសង់ ម៉ូតូទី2 ម៉ាកpcx ពណ៌ស មិនចាំស្លាកលេខទាំងអស់ ) មកពីខាងក្រោយ អមទាំងសង្ខាង ហើយក៏ធ្វើសកម្មភាព ឆក់កាបូបរបស់គាត់ បណ្ដាលឲ្យដាច់កាបូប នៅសល់តែខ្សែជាប់នឹងខ្លួន ។ 

នារីរងគ្រោះបន្តថា ភ្លាមៗគាត់បានស្រែក ចោរៗដេញតាម រហូតដល់ ស្ពានអាកាសស្ទឹងមានជ័យ ក៏បាត់ជនសង្ស័យឈឹង ។  ក្រោយមកក៏ មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក មកយកគាត់ទៅដាក់ពាក្យបណ្ដឹង ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *