ប្រពន្ធស្លាប់ប្ដីរងរបួស ដោយសារបើករថយន្តលឿន ជាន់ហ្វ្រាំងមិនទាន់ ទៅបុករថយន្តធន់ធំកំពុងបត់

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងប្ដីរងរបួសស្រាល បន្ទាប់ពីបើករថយន្តល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តធន់ធំពីក្រោយ កំពុងបត់ កាលពីវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចមុខស្ថានីយប្រេងសាំងTELA ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

អត្ដសញ្ញាណអ្នកទាំង២ មិនទាន់បានស្គាល់នោះទេ បានធ្វើដំណើរដោយរថយន្ត ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-6657 ប្ដីអ្នកបើក រងរបួសស្រាល ប្រពន្ធជិះខាងស្ដាំបានស្លាប់ ចំណែកឯរថយន្តធុនធំ ( ដឹកត្រី ) ម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3F-0555 បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តធុនធំដឹកត្រី បើកតាមបណ្ដោយ ផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងដៃកំពុងតែបត់ ស្រាប់តែរថយន្តព្រូស មកពីជើងយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់មកបុកពីក្រោយរថយន្តធន់ធំពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់ ។

ក្រោយមកសមត្ថកិច្ច វាស់វែង យករថយន្តទាំង២ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង រីឯសាកសព ត្រូវក្រុមគ្រួសារ យកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕  ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *