ពលរដ្ឋខណ្ឌដង្កោចាប់បានក្រពើមួយក្បាល សង្ស័យជាក្រពើដែលរួចពីអាងចិញ្ចឹមកាលពី២ថ្ងៃមុន

ភ្នំពេញ ៖ ប្រភពព័ត៌មានបានឱ្យដឹងនៅព្រលប់ថ្ងៃ ១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាពលរដ្ឋខណ្ឌដង្កោ បានចាប់ក្រពើមួយក្បាល ពីតំបន់ទឹកលិចនៃខណ្ឌដង្កោ ដោយសង្ស័យជាក្រពើ ដែលរួចពីអាងចិញ្ចឹមក្រពើ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅអាងមួយកន្លែងស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រពើនេះមានទម្ងន់ លើសពីការបញ្ជាក់នៅពេលបាត់ ។ 

សូមរំលឹកថា ប្រជាពលរដ្ឋបានឃើញ និងនិយាយតៗគ្នាថា គាត់បានឃើញ សត្វក្រពើមួយក្បាលវារចេញ ពីអាងចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។ 

លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បាននិយាយតាមទូរស័ព្ទថា ដំណឹងនេះពិតជាដំណឹងពិតប្រាកដមែន ។ វារួចតែមួយក្បាលប៉ុណ្ណោះ ទម្ងន់ប្រហែល៣០គីឡូក្រាម ។ លោកក៏ឆ្ងល់ដែរ ព្រោះកន្លែងចិញ្ចឹមក្រពើនោះ មានរបងខ្ពស់ដែរ មិនដឹងវាវារចេញដោយរបៀបណាទៅកើត ? ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *