Update: ករណីនគរបាល ដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់ នគរបាលដូចគ្នា នោះកំពុងចរចារគ្នា នៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ.តាមប្រភពព័ត៍មាន ពីមន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានដឹងថា នៅព្រឹកថ្ងៃទី ២០ វិច្ឆិកា ២០២០ នេះជនសង្ស័យ ឈ្មោះ រ៉េត សុគន្ធ មន្ត្រីនគរបាលនៃអង្គភាពអន្តរាគមន៍ពិសេស អគ្គស្នងការនគរបាលជាតិ កំពុងជួបចរចាសម្រួលគ្នា ដើម្បីបញ្ចប់រឿង ជាមួុយជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ មុខរបរនគរបាលដូចគ្នា នៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ។

បើតាមការទំនាក់ទំនងរវាង អង្គភាព BBN យើងខ្ញុំជាមួយ លោករវសេនីយ៍ឯក ម៉ន វុធី អធិការនគបាលខណ្ឌពោធិ៍សែនជ័យ តាមរៈ WhatsApp នៅវេលាម៉ោង១រសៀល ២០ វិច្ឆិកានេះ លោកបានឲដឹងថាករណីខាងលើនេះមិនទាន់សម្រួលគ្នាចប់នៅឡើយទេ ។លោកបានបន្តថា ប៉ុន្តែបើជនរងគ្រោះនឹងជនសង្ស័យសម្រួលគ្នាចប់ដោយទទួលយកលក្ខខណ្ឌណាមួយនោះ ហើយប្រសិនបើប្រធានអង្គភាព ស្នើសុំយកទៅអនុវត្តវិន័យកងកំលាំងនៅឯអង្គភាព នោះលោកនិងប្រគល់ជនសង្ស័យឲអង្គភាពដើមវិញ តែឥលូវមិនទាន់ដឹងយ៉ាងណានោះទេ ព្រោះលោកទើបចេញពីប្រជុំ។

គួររំលឹកថា: កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីយប់រំលងអធ្រាត នៅចំណុច ក្នុងភោជនីយ៍ដ្ឋានហោសហ្ស៉ឹម ផ្លូវរថភ្លើង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ។ជនសង្ស័យមានឈ្មោះ រ៉េត សុគន្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាល អង្គភាពអន្តរាគមន៍ ព្រែកឯង ស្នាក់ នៅ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ប្រើប្រាស់អាវុធខ្លី០១ដើមម៉ាកG LOCK 19 ពណ៌ខ្មៅ លេខRTP3532 ផលិតនៅប្រទេសUSA និង គ្រាប់ចំនួន០៩គ្រាប់ និងបង់អាវុធ ចំនួន០១ ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ុន សិទ្ធារាជ្យ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាល មានទីលំនៅផ្ទះលេខ១៣៣ ផ្លូវបេតុង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដដែលបានបន្តដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត ជនរងគ្រោះឈ្មោះប៉ុន សិទ្ធារាជ្យ ភេទប្រុស អាយុ២៦ឆ្នាំ និងជនសង្ស័យឈ្មោះ រ៉េត សុគន្ធ ភេទប្រុស អាយុ២៦ឆ្នាំ (គឺជាមិត្តភ័ក្រ្តនឹង គ្នា) បាននាំគ្នាទៅផឹកស៊ី នៅក្នុងភោជនីយ៍ដ្ឋានយីហោសហ្ស៉ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយមិត្តភ័ក្ត្រផ្សេងទៀត មានគ្នាសរុបប្រហែល១០នាក់ ។
លុះពេលផឹកស៊ី បានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារី០១ដើមទៅអោយជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ដើម្បីជក់ប៉ុន្តែនៅពេលហុចបារីនោះ គឺបារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យ ក៏អោនរើសបារី ដែលធ្លាក់ទៅលើដី មកអោយជនរងគ្រោះ ដើម្បីជក់ ប៉ុន្តែជនរងគ្រោះ បានប្រកែកមិនព្រមយកបារី ដែលធ្លាក់ ទៅលើ ដីនោះទេ គឺចង់បានបារីថ្មី ទើបកើតមានទំនាស់ពាក្យសម្តីនិងគ្នា ដោយជនសង្ស័យ បាននិយាយថា ជនរងគ្រោះ មើលងាយខ្លួន ភ្លាមនោះ ស្រាប់តែជនសង្ស័យ បានទាញយកអាវុធខ្លី០១ដើមម៉ាកG LOCK 19 ពណ៌ខ្មៅ ចេញពីក្នុងកាបូបដាក់សំភារះ មកបញ្ចូលគ្រាប់ រួចភ្លង់គំរាម បាញ់ទៅលើជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែពេលនោះ ក៏ត្រូវបាន មិត្តភ័ក្ត្រ ដែលផឹកស៊ី រួមតុជាមួយ គ្នា បានឃាត់បំបែកចេញពីគ្នារៀងៗខ្លួន រួចហើយ ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានគេចខ្លួនបាត់ ចំណែក ជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ក៏បានមកដាក់ពាក្យបណ្តឹងនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង ។

ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ រួចហើយ ទើបកម្លាំងសមត្ថ កិច្ចផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវ លុះនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី កម្លាំងសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉េត សុគន្ធ រួមនិងវត្ថុតាង(អាវុធខ្លី០១ដើមម៉ាកG LOCK គ្រាប់ចំនួន០៩គ្រាប់ និងបង់អាវុធ ចំនួន០១) នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំយកមកសាកសួរ នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ដោយ.សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *