ធ្លាប់ឆក់បានជាច្រើនករណី មកជាប់ខ្នោះត្រឹម សមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ.ជនសង្ស័យម្នាក់ធ្លាប់ធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទជាច្រើនករណីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែមកអស់លក្ខណ៍ ត្រឹមខណ្ឌដង្កោ ក្រោយឆក់កាបូបរបស់ស្ត្រីអាជីវក ម្នាក់ខណៈចេញពីលក់ដូរត្រឡប់ទៅផ្ទះ។ហេតុការណ៍នេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កជនសង្ស័យ០១នាក់ឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។កាបូបដែលជនសង្ស័យឆក់បានមានលុយ ខ្មែរចំនួន ១៦០,០០០០រៀល (មួយលានហុកសិបម៉ឺនរៀល), ទូរស័ព្ទដៃម៉ាក VIVO ពណ៌ក្រហមចំនួន០១គ្រឿង, និងឯកសារផ្សេងៗ។

តាមប្រភពពីសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1P-8565 ចេញពីកន្លែងលក់ដូរនៅផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ពេលជនរងគ្រោះបើកម៉ូតូតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចក្បែរស្តុបការ៉េប្រាំបី ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម បានជិះម៉ូតូ០១ គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ លាយទឹកក្រួច ពាក់ផ្លាកលេខភ្នំពេញ1IG-4658 ម្នាក់ឯកស្របទិសជាមួយជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកកាបូបលុយដែលជនរងគ្រោះ ក្រវ៉ាត់ចង្កេះពីខាងមុខបាន រួចបើកម៉ូតូគេចខ្លួនទៅទិសខាងត្បូង ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតលើផ្លូវ២១៧ បានឃើញហេតុការណ៍នោះក៏ជួយអន្ត រាគមន៍ ដេញតាមពីក្រោយ និងស្រែកប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងដែលនៅតាមគោលដៅឈរជើងផ្សេងៗជួយស្ទាក់ពីមុខ ។ ហើយជនសង្ស័យខាងលើ បានបើកម៉ូតូគេចខ្លួនដល់ ចំណុចបុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ក៏ត្រូវសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនបាន រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន។ ហើយកន្លងមករូបគេ (ជនសង្ស័យ) ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ដោយ.សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *