យុវជនម្នាក់ស្លាប់ក្នុងផ្ទះ ដោយគ្រាប់កាំភ្លើងចំសៀតផ្កា

ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ នៅក្នុងថ្លុកឈាមក្នុងផ្ទះ ដោយគ្រាប់កាំភ្លើង ចំនួន១គ្រាប់ចំសៀតផ្កា ហើយកាំភ្លើងនៅក្រោមខ្នង ក្បែរដៃខាងស្ដាំ កាលពីវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ 600R ភូមិប៉ាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទើបមកពីប្រទេសកូរ៉េ បាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះ បានត្រូវគ្រាប់កាំភ្លើងខ្លី បាញ់សៀតផ្កាផ្នែកខាងស្ដាំ ចំនួនមួយគ្រាប់ ។ 

តាមបងប្រុសរបស់ជនរងគ្រោះ ដែលស្នាក់នៅជាមួយបានឱ្យដឹងថា គាត់ស្នាក់ជាន់ទី២ ពុំបានលឺស្នូរគ្រាប់កាំភ្លើងនោះទេ លុះនៅវេលាម៉ោង៧និង៣០ព្រឹក គាត់បានចុះមកក្រោម ក៏ឃើញប្អូនដេកស្លាប់ក្នុងថ្លុកឈាម ហើយទ្វារផ្ទះចេញចូលបានចំហរ ។ ភ្លាមៗក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះ បានស្លាប់តាំងពីពេលភ្លាមៗមកម៉្លេះ ទើបដឹកសាកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍មកសមត្ថកិច្ច ។ 

បងប្រុសរបស់ជនរងគ្រោះបានបន្តថា កាលពីម្សិល ប្អូនរបស់គាត់បានទៅស្រុកកំណើត យកប្រាក់ចំនួន១២០០០ដុល្លារ ថាយកមកចូលហ៊ុនទិញដីជាមួយមិត្តភក្តិ ។ 

តែទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជា ក់ពីសមត្ថកិច្ចនៅឡើយនោះទេ ថាជាករណីឃាតកម្ម ឬជាករណីធ្វើអត្តឃាត ដោយសមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យនៅកន្លែងកើតហេតុ និងកោសលវិច័យ ស្រាវជ្រាវ ទាក់ទងទងនឹងករណីនេះ ៕ដោយ ៖ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *