លោកជំទាវ បាន ស្រីមុំ ប្ដេជ្ញាអភិវឌ្ឍខេត្តប៉ៃលិន (ទឹកដីត្បូងពេជ្រ) ឲ្យកាន់តែរីកចម្រើនរុងរឿង និងជាពិសេស ការពារផលប្រយោជន៍ ប្រជាជនខេត្តប៉ៃលិនទាំងមូល

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ដែលប្រមុខរាជរដ្ឋាភិបាល តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបង្ហោះសារនៅលើផេកផ្លូវការ នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ដោយប្ដេជ្ញា អភិវឌ្ឍខេត្តប៉ៃលិន (ទឹកដីត្បូងពេជ្រ) ឲ្យកាន់តែរីកចម្រើនរុងរឿង និងជាពិសេស ការពារផលប្រយោជន៍ ប្រជាជនខេត្តប៉ៃលិនទាំងមូល និងថែរក្សាស្នាដៃ ដែលអតីតអភិបាលខេត្តមុនៗ បានចូលរួមចំណែក កសាងឡើង នាពេលកន្លងមក ។ 

សាររបស់លោកជំទាវបានបង្ហាញទាំងស្រុងថា « នាងខ្ញុំសូមគោរព ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនទាំងអស់គ្នាដែល បានគោរពស្រឡាញ់រាប់អានមកលើរូបនាងខ្ញុំ ដោយបានសរសេរសារមកអបអរសាទរដោយផ្ទាល់ ឬតាមរយៈការង្ហោះ នៅលើបណ្តាញសង្គម facebook កាលពីម្សិលមិញ និងថ្ងៃនេះ នៅពេលដែលនាងខ្ញុំ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេចក្តីទុកចិត្តនិងផ្តល់ ឱកាសមកលើរូបនាងខ្ញុំជា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបានបម្រើជាតិ មាតុភូមិ ពុកម៉ែ បងប្អូន និងប្រជាជនខេត្តប៉ៃលិន ជាទីគោរពស្រឡាញ់របស់នាងខ្ញុំ យ៉ាងជ្រាលជ្រៅបំផុត។ 

តួនាទីជាអភិបាល នៃគណៈអភិបាលខេត្តនេះ គឺជាតួនាទីមួយដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់រូបនាងខ្ញុំ ហើយក៏ជាបន្ទុកការងារមួយ ដែលនាងខ្ញុំត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងាររដ្ឋបាល ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិនឲ្យបានល្អប្រសើរ និងធ្វើយ៉ាងណាសហការគ្នាបំពេញការងារឲ្យរលូនទៅមុខ បន្ថែមទៀត

ជាពិសេសបន្តការងារអភិវឌ្ឍន៍ និងថែរក្សាស្នាដៃដែលអតីតអភិបាលខេត្តមុនៗ បានចូលរួមចំណែក កសាងឡើង នាពេលកន្លងមកការអបអរសាទរ ការគោរពរាប់អាន និងការគោរព ស្រឡាញ់របស់បងប្អូន មកលើរូបនាងខ្ញុំ បង្ហាញពីសក្ខីភាពយ៉ាងច្បាស់ និងការជឿជាក់ របស់បងប្អូន មកលើរូបខ្ញុំនាង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជាក៏ដូចជាការអភិវឌ្ឍខេត្តប៉ៃលិន របស់យើងតែម្តង។ 

នាងខ្ញុំសូមគោរពថ្លែងអំណរគុណ🙏ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាថ្មីម្តងទៀត ដែលសម្តេចបានផ្តល់ឱកាសដល់រូបនាងខ្ញុំឲ្យកាន់តួនាទីដ៍សំខាន់នេះនាងខ្ញុំសូមប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព សមត្ថភាពរបស់នាងខ្ញុំ  ដើម្បីបម្រើការងាររដ្ឋបាល ការអភិវឌ្ឍខេត្តប៉ៃលិន (ទឹកដីត្បូងពេជ្រ) នេះឲ្យកាន់តែរីកចម្រើនរុងរឿង និងជាពិសេសទៅទៀតនោះគឺការពារផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល។ 

ជាចុងបញ្ចប់នាងខ្ញុំសូមអភ័យទោសចំពោះបងប្អូនទាំងអស់ដែលបានផ្ញើសារមកអបអរសាទរដល់រូបនាងខ្ញុំដោយផ្ទាល់ ឬដោយបង្ហោះលើបណ្តាញសង្គម Facebook ដែលនាងខ្ញុំមិនទាន់បានឆ្លើយតប នាងខ្ញុំពិតជារំភើប និងសប្បាយរីករាយ ពីការផ្តល់សេចក្តីទុកចិត្តមកលើរូបនាងខ្ញុំ ដែលជាតួនាទីមួយដែលខ្ញុំត្រូវតែយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានហ្មត់ចត់ និងរៀនសូត្របន្ថែមទៀត ពីចំណុចខ្វះខាតមួយចំនួនដែលនៅសេសសល់។ ប៉ុន្តែបើទោះបីជានាងខ្ញុំជាស្រ្តីក៏ដោយនាងខ្ញុំនឹងប្តេជ្ញាដឹកនាំ និងបំពេញតួនាទីនេះឲ្យល្អប្រសើរ មិនឲ្យបងប្អូនអស់ខកបំណងឡើយ 🙏 » ៕ ដោយ ៖ រតនា

Leave a Reply

Your email address will not be published. Required fields are marked *