ខឹងប្រពន្ធ រួចគិតខ្លីលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុននោះ សាកសពបានអណ្ដែតហើយ

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលសម្រេចចិត្ត លោតទឹកសម្លាប់ខ្លួន បានអណ្តែតឡើងហើយ កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ទី០៨ ខែមករា ឆ្នាំ២០២១ នេះនៅចំណុចមុខផ្សាររាត្រី ក្នុងខណ្ឌដូនពេញ ហើយត្រូវបានក្រុមគ្រួសារ ជួលទូកអ្នកនេសាទ អូសដាក់ច្រាំងទន្លេផ្នែកខាងកើត ដើម្បីស្រង់ឡើង យកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត។

សាកសពបុរសខាងលើ ឈ្មោះ សំ បញ្ញា អាយុ ២៤ឆ្នាំ មុខ របរ រត់ម៉ូតូកង់៣ មានលំនៅផ្ទះជួល ក្នុងភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ និងមានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា បុរសមានវិបត្តិរូបនោះ បានជិះម៉ូតូកង់៣ ធ្វើដំណើរ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មី  កាលពីវេលាម៉ោងប្រមាណ៧និង៥០នាទីយប់ ថ្ងៃទី០៦ ខែមករាឆ្នាំ ២០២១ ។ បន្ទាប់ពីលោតសម្លាប់ខ្លួន ក៏បានលិចបាត់ បន្សល់ទុកម៉ូតូកង់៣ និងស្បែកជើងមួយគូ ។ 

តាមព័ត៌មានឱ្យដឹងថា នៅថ្ងៃមុនពេលកើតហេតុ ជនរងគ្រោះព្រមទាំងភរិយា បានជិះម៉ូតូកង់៣ចេញពីផ្ទះ ទៅផ្ទះបងប្រុស ឈ្មោះ សំឧត្តម  នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដើម្បីពិភាក្សា រៀបចំធ្វើបុណ្យខួប៣ឆ្នាំ របស់ម្តាយ ។ បន្ទាប់ពីពិភាក្សារួច នៅវេលាយប់នោះ ក៏បានរៀបចំបាយជុំគ្នា និងផឹកផងដែរ ។

តាមព័ត៌មានពីបងប្រុសឱ្យដឹងថា ខណៈពេលដែលផឹកស្រវឹង ក៏មានទំនាស់គ្នាជាមួយប្រពន្ធ ហើយបុរសខាងលើ ក៏បានជិះម៉ូតូកង់៣មកលោតទឹកសម្លាប់ខ្លួន ហើយក្រោយមក សមត្ថកិច្ចទូរស័ព្ទប្រាប់ទើបដឹង បន្ទាប់ពីលោតទឹកសម្លាប់ខ្លួន អស់រយៈពេល២ថ្ងៃ សពក៏បានអណ្តែតឡើង ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *