ផ្ទុះម៉ាស៊ីនបូមទឹក បណ្តាលឲ្យត្រូវមនុស្សស្លាប់ម្នាក់ នៅ ក្រុមហ៊ុនបេតុងសម្បត្តិមានហេង

ភ្នំពេញ ៖ ជាងម៉ាស៊ីនម្នាក់ បានបាត់បង់ជិវិត ដោយសារ ផ្ទុះម៉ាស៊ីនបូមទឹក កាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុច ក្រុមហ៊ុនបេតុងសម្បត្តិមានហេង ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានករណី ផ្ទុះម៉ាស៊ីនបូមទឹក នៅចំណុច ក្រុមហ៊ុនបេតុងសម្បត្តិមានហេង បណ្ដាលឱ្យត្រូវជនរងគ្រោះម្នាក់ ឈ្មោះ មាន រី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរជាងម៉ាស៊ីន ស្នាក់នៅ កន្លែងកើតហេតុខាងលើ បណ្ដាលឱ្យស្លាប់ ។ 

សមត្ថកិច្ចបន្តថា តាមការបំភ្លឺពី ឈ្មោះ ស៊ាប សល់ ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីន ស្នាក់នៅ កន្លែងកើតហេតុខាងលើ បានឲ្យដឹងថា ៖ នៅវេលាមុនពេលកើតហេតុ ឈ្មោះ ស៊ាប សល់ កំពុងជួសជុលម៉ាស៊ីនបូមទឹក នៅកន្លែងរោងជាងឡាន (កន្លែងកើតហេតុខាងលើ) ដោយមានឈ្មោះ មាន រី (ជនរងគ្រោះ) ឈរជួយទប់ម៉ាស៊ីន ដែលលើកភ្ជួរ ជាមួយឡានរេវ័រទ័រ ដោយច្រវ៉ាក់កៅឡាក់ បន្ទាប់មកឈ្មោះ ស៊ាប សល់ ក៏បញ្ឆេះម៉ាស៊ីនសាកមើល ។

ប្រភពបន្តថា ក្រោយពេលបញ្ឆេះម៉ាស៊ីនឆេះ បានប្រហែល១០វិនាទី ម៉ាស៊ីនបូមទឹកនោះ ក៏រេទៅប៉ះនឹងដែកទម្រ របស់ឡានរេវ័រទ័រដែលភ្ជួរម៉ាស៊ីននោះ ក៏ផ្ទុះម៉ាស៊ីនទៅចំជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ខ្ទាតប្រហែល១០ម៉ែត្រ ស្លាប់ភ្លាមៗ ក៏មានការផ្អើលឆោរឡោឡើង។ បន្ទាប់មកខាងក្រុមហ៊ុនបេតុង សម្បត្តិមានហេង ក៏រាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យតែម្តង ។ 

តាមសន្និដ្ឋាន ក្រោយពីពិនិត្យ របស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណារត័្ន គ្រូពេទ្យកោសល្យវិច្ច័យ រាជធានីភ្នំពេញ បញ្ជាក់ថា ស្លាប់ដោយសារ ត្រូវអំបែងកង់យោង ម៉ាស៊ីនបូមទឹកផ្ទុះ ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ទៅឲ្យឈ្មោះ ឡូញ សម្ផស្ស ត្រូវជាប្រពន្ធ របស់ជនរងគ្រោះ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅខេត្តកំពង់ធំ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *