ភ្នំពេញ ៖ បង្គាជាច្រើនតោន ដែលខូចគុណភាព មានផ្ទុកដោយសារធាតុគីមី និងមានចាក់បញ្ចូលចាហួយ ក្នុងក្បាល បង្គា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាន នៅយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ខណៈរថយន្តដឹកបង្គាទាំង២គ្រឿងនោះ បានចូលមកដល់រាជធានីភ្នំពេញ ។
ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែន ការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំ ការិយាល័យប្រឆាំង បទល្មេីសសេដ្ឋកិច្ច និងលោកនាយការិយាល័យ បានដឹកនាំកម្លាំងសហការ ជាមួយសមត្ថកិច្ចកាំកុងត្រូល ដោយបានធ្វេីការឃាត់ចាប់បានបង្គា នាំចូលពីប្រទេសវៀតណាមខូចគុណភាព ដែលមានផ្ទុកដោយសារធាតុគី មីដេីម្បីរក្សាទុកបានយូរ ដែលមានផលប៉ះពាល់ខ្លាំង ដល់សុខភាពអ្នកដែលបរិភោគ ចំនួន៦តោន និង៥០០Kg ។

មន្រ្តីជំនាញកាំកុងត្រូល ក៏បានបង្ហាញនូវរូបភាព យកចាហួយចេញពីក្បាលបង្គាទាំងនោះ ដែលក្រុមឈ្មួញបាន ចាក់បាញ់បញ្ចូលដើម្បីឱ្យបង្គានោះ កើនទម្ងន់ លក់ចំណេញខ្លាំង ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគនោះឡើយ ។ កន្លងមក សមត្ថកិច្ចតែងតែបង្ក្រាបបាន ករណីបង្គាបែបនេះ ជាច្រើនករណី ប៉ុន្តែឈ្មួញទាំងនោះ ហាក់មិនខ្លបខ្លាចសមត្ថកិច្ចនោះឡើយ នៅតែរកជំនួញបែបនេះ ៕ ដោយ ៖ ប៉ូច គឹមសុខ






