ទុស្សេខ្សែភ្លើងឆាបឆេះ រថយន្តអស់៣គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កន្លែងជួសជុលរថយន្តធន់ធំមួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់ ទាំងកណ្ដាលយប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃសុក្រ ទី១៩ ខែកម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលំ កែងនិងផ្លូវវេងស្រេង ចំណុចខាងក្រោយស្ថានីយប្រេងសាំង លីម លុង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភព ពីយុវជនម្នាក់ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ លឺសូរសំឡេងផ្ទុះ គាត់ក៏ងើបមើលឃើញអណ្តាត ភ្លើងឆាឆេះយ៉ាងសន្ធោសន្ធៅក៏រាយការណ៍ ទៅសមត្ថកិច្ចចេញរថយន្ត អន្តរាគមន៍ជាច្រើនគ្រឿង មកបាញ់ពន្លត់ជាបន្តបន្ទាប់ ។ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ គឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ័យផ្ដើម មកពីឆ្លងចរន្តអគ្គីសនី។

ម្ចាស់ទីតាំងដែលឆេះ មានឈ្មោះ ចំ រើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុល រថយន្ត កន្លែងឆេះជាប្រភេទសំណង់ ការាស់ជួសជុលរថយន្ត។ ខូចខាតឆេះរថយន្ត៣គ្រឿងនិង ម៉ាសុីនរថយន្តមួយចំនួនទៀត តែពុំរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

ក្នុងប្រតិបត្តិការនេះ ប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន។បាញ់ឲ្យរលត់ទាំងស្រុងនៅវេលា ម៉ោង១១និង៣០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *