ក្រសួងពាណិជ្ជកម្ម ស្នើសុំក្រសួងសុខាភិបាល សហការទប់ស្កាត់ និងស៊ើបអង្កេតក្រុមហ៊ុនសម្រស់ធម្មជាតិ ដើម្បីមានវិធានការតាមផ្លូវច្បាប់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្ត កន្លងទៅថ្មីៗនេះ បានចេញលិខិតផ្លូវការមួយ គោរពជូនឯកឧត្ដមក្រសួងសុខាភិបាល សុំផ្ដល់កិច្ចសហការ ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ។ ក្រសួងពាណិជ្ជកម្ម បានរកឃើញភស្តុងតាង ដែលជាកំហុសជាច្រើនរបស់ ក្រុមហ៊ុនខាងលើ ។

យោងតាមកម្មវត្ថុ លិខិតរបស់ក្រសួងពាណិជ្ជកម្ម គោរពជូនក្រសួងសុខាភិបាល ដែលអង្គភាពយើងខ្ញុំទើបទទួលបាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានសំណើសុំផ្ដល់កិច្ចសហការ ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទង ទៅនឹងការផ្សព្វផ្សាយ លក់ផលិតផល បំប៉នសុខភាព ម៉ាកCooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះផងដែរ ដោយយោងតាមពាក្យបណ្ដឹង បានបញ្ជាក់ឲ្យដឹងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោត ដល់សាធារណៈជន តាមរយៈការអៈអាង ដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម ក៏ដូចជាគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលករណីនេះតម្រូវឲ្យ មានការស៉ើបអង្កេតដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់វិធានការ ស្របទៅតាមច្បាប់ជាធរមាន ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *