លោកជំទាវ ឱ វណ្ណឌីន ៖ ស៊ូអត់ធ្មត់នៅផ្ទះរយៈពេលខ្លី ប្រសើរជាងធ្វើដំណើរ ឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាប្រធាន​ គ.វ.ក-១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើរសារក្រើនរំលឹក ដល់ពលរដ្ឋទាំងអស់ បន្តការយកចិត្តទុកដាក់ អនុវត្តហ្មត់ចត់វិធានការ​ ” ៣ការពារ​ និង​៣កុំ​ និងចាក់វ៉ាក់សាំង +នៅផ្ទះជា​បណ្តោះអាសន្ន” ​ដើម្បីសុខភាព​ និងអាយុជីវិតបុគ្គល​ ត្រូវខិតខំ​អត់ធ្មត់ ទ្រាំការលំបាក ក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាក ក្នុងរយ:ពេលយូរ​ ។ 

សារក្រើនរំលឹករបស់លោកជំទាវ មានខ្លឹមសារទាំងស្រុងថា « ឥឡូវនេះ​ វីរុសកូវីដ-១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែល ងាយស្រួល វាយលុកបាន​ នៅតាមទីតាំង ប្រមូលផ្តុំមនុស្សច្រេីន ដូចជាទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ​ ដែលសុទ្ធសឹងតែជាកន្លែង ដែលមានមនុស្សម្នាច្រេីន។  ពេលបុគ្គល បានឆ្លងវីរុសកូវីដ-១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការចម្លង បន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗ មិនថាអាយុតិច​ ឫច្រេីននោះឡេីយ ។ 

ដូច្នេះ​ ប្រសិនបេីបងប្អូន មិនបន្តការយកចិត្តទុកដាក់ អនុវត្តហ្មត់ចត់វិធានការ​ ” ៣ការពារ​ និង​ ៣កុំ​ និងចាក់វ៉ាក់សាំង +នៅផ្ទះជា​បណ្តោះអាសន្ន”​ នោះទេ​ អាយុជីវិតបុគ្គលណាម្នាក់​ ឫអាចមានច្រេីននាក់​ នឹងត្រូវឆក់យក ដោយសារតែជំងឺកូវីដ-១៩​ ដោយងាយស្រួលហេីយ។  ត្រូវចងចាំថា​ “ពេលនេះ​ សុខភាព​ និងអាយុជីវិតរបស់បុគ្គល​ និងក្រុមគ្រួសារខ្លួន​ គឺពឹងផ្អែកលេីការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ​ បេីមិនចង់មានជំងឺកូវីដ-១៩​ ទេនោះ​ គឺត្រូវខិតខំ​ អត់ធ្មត់ទ្រាំការលំបាក ក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាក ក្នុងរយ:ពេលយូរ​ ដោយអនុវត្តវិធានការដែល​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានដាក់ចេញ ​ជាបន្តបន្ទាប់នេះ​ ជាជាងការ ធ្វេីដំណេីរឆ្ពោះ ទៅរកជ្រោះមរណ:កូវីដ-១៩​ ដោយសារតែ ការធ្វេសប្រហែស​ ការផ្គេីន​ ឫមិនព្រមអនុវត្តតាមវិធានការ ដែលបានដាក់ចេញនានានេះ”​ ។ 

កាលសង្រ្គាម​ យេីងខ្លាចត្រូវគ្រាប់ផ្លោង​ នាំគ្នាជ្រកកោន ក្នុងត្រង់សេ​ តែពេលនេះ​ យេីងខ្លាចវីរុសកូវីដ-១៩​ ផ្លោងដាក់យេីង​ យេីងត្រូវនាំគ្នានៅផ្ទះ​ ដែលការនៅផ្ទះរបស់យេីង​ វាងាយស្រួល ជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់​  ហេីយសត្រូវអត់ស្រមោលកូវីដ-១៩​ ពិតជាមានការលំបាក ​ក្នុងការស្វែងរក ការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។  សូមជូនពរបងប្អូន ប្រជាពលរដ្ឋទាំងអស់​ សូមរួមគ្នារក្សា ឱ្យមានសុខភាពល្អ​ ចៀសផុតពីការវាយលុក ជំងឺកូវីដ-១៩​ និងសូមឱ្យបានឆ្លងផុត ពីគ្រោះឆ្លងវីរុសកូវីដ-១៩​ ទាំងអស់គ្នា ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *