យោធាម្នាក់ ជិះបុកបារ៉ាស់ និងវាយនគរបាលម្នាក់បែកចិញ្ចើម

ភ្នំពេញ ៖ នគរបាលស័ក្ត៣ម្នាក់ បានរងរបួសបែកចិញ្ចើម បញ្ជូនទៅមន្ទីរពេទ្យ ខណៈមន្រ្តីយោធាម្នាក់ជិះបុកបារ៉ាស កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅទប់ស្កាត់ ការធ្វើដំណើរ ចំណុច រង្វង់មូលជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចឱ្យថា ជនបង្ក មានឈ្មោះ ខៀវ​ ចាន់សុភក្ត្រា​ ភេទប្រុស អាយុ៣១ឆ្នាំ មានកាតជាមន្រ្តីយោធា ពាក់ស័ក្ត៣ មានទីលំនៅផ្ទះលេខ ២២អាអឺសហ្សេរ៉ូ ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រើមួកខ្លុបវាយទៅលើ នគរបាលម្នាក់ ឈ្មោះ វេង ឌីណាភេទប្រុស ពាក់ស័ក្តិ៣ រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។ 

សមត្ថកិច្ចឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿង មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះ សមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ ។ ពេលនោះសមត្ថកិច្ចបានឱ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកឆ្លងបារ៉ាស ទើបមានការឃាត់ម៉ូតូ ។ ខណៈពេលឃាត់ ក៏ជនបង្កយកមួក សុវត្ថិភាព វាយមកលើនគរបាលតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើន បាននាំគ្នាព័ទ្ធទម្រាំតែបាន រួចបញ្ជូនខ្លួនមកអធិការខណ្ឌ ។ យោងតាមបញ្ជា ជនបង្ក ត្រូវសមត្ថកិច្ចរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ៩៧ 

Leave a Reply

Your email address will not be published. Required fields are marked *