ឃាត់អ្នករត់កង់បីនិងចិនម្នាក់ ផាកម្នាក់២លាន៥សែនរៀល , សមត្ថកិច្ចស្មានតែជា សមាជិកក្រុមគ្រូពេទ្យ

ភ្នំពេញ ៖ អ្នករត់កង់បីម្នាក់ និងចិនម្នាក់ ដែលស្លៀកពាក់ឯកសណ្ឋានដូចទៅនឹងក្រុមគ្រូពេទ្យ ត្រូវបានសមត្ថកិច្ចគោលដៅខណ្ឌជ្រោយចង្វា ធ្វើការផាកពិន័យម្នាក់២លាន៥សែនរៀល តាមចំណុច៨ នៃវិធានការរដ្ឋបាល ចំពោះ បុគ្គលដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាលផ្សេងៗទៀត ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ~១៩ ។ 

សមត្ថកិច្ចបានឱ្យដឹងថា អ្នករត់កង់បីបានដឹកជនជាតិចិនម្នាក់ ( ឯកសណ្ឋានស្រដៀងក្រុមគ្រូពេទ្យ ) នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មកដល់ចំណុច ត្រួតពិនិត្យគោលដៅ រង្វង់មូលជ្រោយចង្វារ ។ ពេលនោះសមត្ថកិច្ច មានការសង្ស័យ ក៏ស្នើសុំពិនិត្យមើលឯកសារ ធ្វើដំណើរ និងសួរអ្នកជិះខាងក្រោយ (ដូចគ្រូពេទ្យ ) តែមិនព្រមឆ្លើយ ព្រោះខ្លួនជាជនជាតិចិន មិនចេះខ្មែរ ហើយគ្មានលិខិតស្នាមធ្វើដំណើរដូចគ្នា ។ 

ក្រោយការសាកសួរ ជននោះ មានឈ្មោះ CAI GUA HUI ជនជាតិចិន ពុំមានឯកសារ ហើយក៏មិនមែនជាក្រុមគ្រូពេទ្យនោះដែរ គេថាជាជាងកាត់សក់ នៅម្ដុំក្បាលថ្នល់ ជិះពីក្បាលថ្នល់ សម្ដៅចូលទៅសណ្ឋាគារ សុខា ទៅជួបមិត្តភក្តិប៉ុណ្ណោះ ។ បន្ទាប់មក សមត្ថកិច្ចបានសម្រេច ចេញបណ្ឌផាកពិន័យ អ្នកបើកកង់បីនិងជនជាតិចិនម្នាក់នោះ ដោយក្នុងម្នាក់ ២លាន៥សែនរៀល ។ ពេលនោះ ជនជាតិចិន មានលុយបង់ពិន័យភ្លាមៗនៅនឹងកន្លែង រីឯអ្នករត់កង់បី ពុំមានថវិកាបង់ពិន័យ ទើបសមត្ថកិច្ចរក្សាទុកកង់៣ ជាបណ្ដោះអាសន្នហើយអនុញ្ញាតអ្នករត់កង់បី ទៅលំនៅដ្ឋានវិញ បើផុតរយៈពេល៣០ថ្ងៃ មិនឃើញយកប្រាក់មកបង់ពិន័យ សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងទៅតុលាការ ៕ ដោយ ៖ ៩៧ 

Leave a Reply

Your email address will not be published. Required fields are marked *