រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវចៀសវាង ការប្រើប្រាស់ អំពើហិង្សា ក្នុងការដោះស្រាយបញ្ហា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារជូន អាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាព នៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ 

សារបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង នូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង អនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្ម ផុលផុស នូវគោលការណ៍នានា របស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានា ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

ខ្ញុំក៏សូមយកឱកាសនេះ ក្រើនរំលឹកដល់ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង អនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់ បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍ នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំង ឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាង ការប្រើប្រាស់ អំពើហិង្សា ក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការនានា របស់រាជរដ្ឋាភិបាល ។

ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់ អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំង អនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្ត ឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់ លើសមរភូមិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។

ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត វិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំ របស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការ ឆ្លងរាលដាល ក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាព របស់សង្គម វិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *