ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយធ្វើសកម្មភាពកាប់ប្លន់ មិនបានសម្រេចនៅខណ្ឌសែនសុខ

ភ្នំពេញ: យុវជន៣នាក់ជិះម៉ូតូចំនួន២គ្រឿងតាមដងផ្លូវសុខៗ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ជិះម៉ូតូ៥គ្រឿងដេញស្ទាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងមិនបានសម្រេចត្រូវបានជនរងគ្រោះប្រតាយប្រតប់គ្នាទៅវិញទៅមក ឃាត់ បានជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់និងម៉ូតូចំនួន៦គ្រឿង កំបិតចំនួន៤ដើម ។

ហេតុការណ៍នេះ កាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលបុរី ហ្គ្រេនភ្នំពេញ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនចំនួន៣នាក់ (ជនរងគ្រោះ)ជិះម៉ូតូឌ្រីមសង់ចំនួនពីរគ្រឿង បានធ្វើដំណើរតាតបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ និងម៉ូតូជាច្រើនគ្រឿង បានជិះមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះរួចដកកាំបិតកាប់ទៅលើជនរងគ្រោះរងរបួសម្នាក់ ភ្លាមៗនោះជនរងគ្រោះបានរត់ហៅគ្នីគ្នាឲ្យមកជួយដែលនៅក្បែរនោះបានធ្វើការតដៃនឹងប្រតាយប្រតប់គ្នាមួយប្រ៉ាវនិងឃាត់បានជនសង្ស័យ២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ក្រោយមកជនសង្ស័យបានត្រឡប់មកវិញហៅបក្សពួក បន្ថែមទៀតដើម្បីគោលបំណង មកវាយរំដោះយកបក្ខពួកទៅវិញតែមិនបានសម្រេច ត្រូវបានជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀត រួមនិងម៉ូតូចំនួន៦គ្រឿងនិងវត្ថុតាងកាំបិត៤ដើមនិងដែក ទីប១ដើម។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្តទៅតាមនិតិវិធីច្បាប់៕ដោយ.ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *