ជនមួយក្រុមដេញវាយនិងបាញ់ ទៅលើមនុស្ស២នាក់ ដោយចោទជាចោរ

ភ្នំពេញ ៖ មនុស្ស២នាក់ ត្រូវបានមនុស្សមួយក្រុម ដេញតាមវាយ និងបាញ់ឡើងលើ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូល មន្ទីរពេទ្យកាលម៉ែត្រ ជាប់របងស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

ពលរដ្ឋនិយាយថា ពួកគាត់ឃើញ មនុស្ស២នាក់ (ប្រុសម្នាក់ស្រីម្នាក់ ) ជិះម៉ូតូមួយគ្រឿង ម៉ាកស្គូបពី ពណ៌ខ្មៅ អត់មានស្លាកលេខបើកយ៉ាងលឿនមកតាមច្រកចូល ក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ ហើយមានម៉ូតូ៤គ្រឿងតាមពីក្រោយ មកគៀឲ្យឈប់ រួចដកខ្សែក្រវ៉ាត់ វាយអ្នកទាំង២នោះ ទើបក៏រត់ចូលទៅក្នុងមន្ទីរពេទ្យតែម្ដង ។ 

ពេលនោះក៏មានបុរសម្នាក់ ជិះម៉ូតូអ៊ិចអ៊ែ (XR)ពណ៌ខ្មៅ ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ហើយស្រែកប្រាប់ប្រជាពលរដ្ឋ ថាអ្នករត់ចូលទៅក្នុងជាចោរ។ ក្រុមនោះបម្រុងយកម៉ូតូអ្នកទាំង២ តែដោយសារឃើញប្រជាពលរដ្ឋច្រើនពេក ក៏នាំគ្នាជិះម៉ូតូចេញទៅអស់។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ យកសំបកគ្រាប់ និង ឱ្យហៅជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *