នារីម្នាក់បើករថយន្តBMW ល្បឿនលឿនបុកបង្គោលភ្លើង

ភ្នំពេញ ៖ នារីម្នាក់បើករថយន្តBMW ក្នុងល្បឿនលឿន បានរេចង្កូត ឡើងចិញ្ចើមផ្លូវ បុករះដើមផ្កា មុខផ្ទះប្រជាពលរដ្ឋនឹងបង្គោលភ្លើងថ្មមួយដើម កាលពីវេលាម៉ោង១ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះលេខ២២ តាមវណ្តោយផ្លូវ៦១៤ ខាងកើតផ្សារ៧មករា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្ក ជារថយន្តស៊េរីទំនើប ម៉ាកBMW X3 ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BG-1123 បើកបរដោយនារីម្នាក់ មិនមានរងរបួសនោះទេ ។ ខូចខាតរថយន្តផ្នែកខាងមុខ បាក់បង្គោលភ្លើងមួយដើម និងសម្ភារៈផ្ការបស់ប្រជាពលរដ្ឋជាច្រើនផើង ។ 

តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ៦១៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេមកស្ដាំដៃ ឡើងចិញ្ចើមផ្លូវបុករះផើងផ្កា និងបុកបង្គោលភ្លើងតែម្ដង ។បន្ទាប់មកអ្នកបើកបរ ចុះពីលើរថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួមនិងបុគ្គលិកអគ្គិសនី ចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ សមត្ថកិច្ចជំនាញហៅរថយន្តស្ទូច យករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *