ម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ម៉ូតូមកពីមុខបុកពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ម៉ូតូនិងម៉ូតូ កាលពីវេលា ម៉ោង១០និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខមន្ទីរពេទ្យសង់ត្រាល់ ផ្លូវ១៥៤កែងផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាធានីភ្នំពេញ ។ 

អ្នកដែលស្លាប់មានឈ្មោះ ហេង ទ្រី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងធ្វើទូរស័ព្ឌ ស្នាក់នៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម ដោយជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-3805 ។ ចំពោះអ្នករងរបួសធ្ងន់មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូម៉ាកឌ្រីមសង់C125 ស៊េរីឆ្នាំ2021 ពាក់ស្លាកលេខ ភ្នំពេញ 1IK-9432 ។ 

តាមប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសដែលបាត់បង់ជីវិត ជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវ១៥៤ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូមកពីកើតយ៉ាងលឿន បុកពេញទំហឹងតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយចំណែកសពត្រូវសាច់ញាតិ ដឹកទៅស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *