សម្ដេចតេជោ ហ៊ុន សែន ស្នើអាជ្ញាកណ្តាលប្រដាល់ ត្រូវតែមានយុត្តិធម៌ក្នុងខ្លួន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មុននះបន្តិច បានបង្ហោះសារនៅផេកហ្វេសបុក បានស្នើឱ្យអាជ្ញាកណ្តាល ត្រូវតែមានយុត្តិធម៌ក្នុងខ្លួន បើមិនដូច្នោះទេ កីឡាប្រដាល់យើង មិនអាចឈានទៅមុខបានទេ ។ 

សាររបស់សម្ដេចតេជោមានខ្លឹមសារថា « ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា ។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំណត់ លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួន ហើយមិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួត នៅពេលក្រោយ ។ 

តើឱ្យកីឡាប្រដាល់យើង ឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់ យើងទុកឱកាស ឱ្យអាជ្ញាកណ្តាល ធ្វើបែបនេះ?​ តើមានក្បួនមកពីណា វាយខុសក្បួនខ្នាតហើយ សម្រេចលើកពេល ទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហម ដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗ ដោយមិនទុកពេល ឱ្យតវ៉ានោះទេ ។ ខ្ញុំមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាម ការកាត់ក្តី របស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាល ត្រូវតែមានយុត្តិធម៌ក្នុងខ្លួន » ៕ ដោយ ៖ ពិសិដ្ឋ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *