ឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនីដ៏ធំមួយនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ឃ្លាំងស្តុកគ្រឿងអគ្គីសនីដ៏ធំមួយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបេតុង កែងនិងផ្លូវ៣៧១(សឡា ) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឃ្លាំងខាងលើមានម្ចាស់ឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ និងមានទំហំ១០ម៉ែត្រគុណនិង១២ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងថ្ម រួមនឹងសម្ភារះខាង ក្នុងបានរងការឆាបឆេះទាំស្រុង សរុបអស់រាប់ម៉ឺនដុល្លារ ប៉ុន្តែពុំបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់ក្នុងករណីនេះឡើយ ។ ចំពោះមូលហេតុ ដោយសារឆ្លងចរន្តអគ្គីសនី ។

ប្រជាពលរដ្ឋម្នាក់និយាយថា គាត់បានឃើញមានអណ្ដាតភ្លើងឆេះចេញពីខាងក្នុងឃ្លាំង គាត់ក៏រត់ស្ទុះបំណងដើរទៅប្រាប់ម្ចាស់ឃ្លាំង តែឃើញចាក់សោរពីខាងក្រៅ ទើបស្រែកប្រាប់អ្នកជិតខាង និងទាក់ទងទៅសមត្ថកិច្ច ។ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបាន មកដល់អន្តរាគមន៍បាញ់ពន្លត់ និងគ្រប់គ្រងបានទាំងស្រុង រលត់ទៅវិញ នៅវេលាម៉ោង៥និង២០នាទី នៅថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចបានប្រើ ប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួនជាង១០គ្រឿង មិនឆ្លងរាលដាល ដល់ផ្ទះអ្នកដទៃឡើយ ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *