លួចម៉ូតូបានសម្រេច នៅខណ្ឌព្រែកព្នៅ ជិះរត់មកជាប់នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់បាន បន្ទាប់ពីធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង១០យប់ ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុខ លីម ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ រីឯជនរងគ្រោះមានឈ្មោះ លី ហេងភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅក្បែរកន្លែងកើតហេតុ ជាម្ចាស់ម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-3477 ។

ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុ រូបគាត់បានទុកម៉ូតូ  នៅមុខផ្ទះបានចាក់សោរត្រឹមត្រូវ រួចបានចូលទៅក្នុងផ្ទះ មួយសន្ទុះក្រោយមក ស្រាប់តែមានអ្នកក្បែរខាង មកប្រាប់ថាមានចោរលួចម៉ូតូគាត់ហើយ ។

ប្រភពបន្តថា ខណ:នោះគាត់ក៏យកម៉ូតូមួយគ្រឿងទៀត ជិះដេញតាមជនសង្ស័យពីក្រោយ និងស្រែកចោរៗ រហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈ តាមបណ្តោយផ្លូវវេងស្រេងក៏ត្រូវ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ជិះនៅតាមដងផ្លូវ ដេញចាប់ រហូតមកដល់ខាងលិចរោងចក្រ កាណាឌីយ៉ា ទើបចាប់បាន ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *