ទាក់ដៃចង្កូតជាមួយរថយន្ដ ដួលម៉ូតូត្រូវរថយន្តកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ជិះម៉ូតូ ទាក់ដៃចង្កូតជាមួយរថយន្ត ហើយដួលក៏ត្រូវរថយន្តកិន កាលពី វេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃអង្គារ ទី២០​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស​ ក្នុងភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

​ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ អ៉ី ឌូ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជាកម្មកររោងចក្រ​ ជិះម៉ូតូម៉ាក SUZUKI Lets ពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ 1HG-8009 ចំណែកឯរថយន្ត ម៉ាកឡង់គ្រីស័រ មិនចាំពណ៌មិនចាំស្លាកលេខ បានបើករត់បាត់ស្រមោល ។ 

​ប្រភពពីពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូ មកលេងកូនប្រុស ( អាយុ៣ឆ្នាំ ) ដែលរស់នៅជាមួយម្ដាយមីង ក្បែរកន្លែងកេីតហេតុ​ រួចក៏ត្រឡប់ទៅផ្ទះវិញ នៅម្ដុំវត្តឬស្សីសាញ់​ ខណៈជនរងគ្រោះជិះចេញបាន ប្រហែល១០០ម៉ែត្រក៏បានទាក់ដៃចង្កូត ជាមួយរថយន្តឡង់គ្រីស័រ មិនចាំស្លាកលេខ​ បណ្ដាលឲ្យដួល ខ្ទាតក្បាលចូលក្រោមកង់រថយន្តកិនចំតែម្ដង រួចរថយន្តបានបេីកគេចបាត់ទៅ ។ 

​ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកវាស់វែង និងចាត់ចែងតាមនីតិវិធី ចំណែកសព ក្រោយពីពេទ្យយកសំណាក ពិនិត្យ ឃើញថាអវិជ្ជមាន ត្រូវក្រុមគ្រួសារ យកទៅវត្តឬស្សីសាញ់​ ធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *