ចុះបិទហាង « ផ្ទះផាតធី » លួចលាក់បើកKTV ទទួលភ្ញៀវចូលផឹកស៊ី

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន១៣នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំង គណ:បញ្ជាការឯកភាព ខណ្ឌទួលគោកនៅវេលាម៉ោង៩យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១ ហាងយីហោ « ផ្ទះផាតធី » ដែលស្ថិតនៅផ្ទះលេខ១០៣ ផ្លូវលេខ២៦១កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឯក ឃុន ដឿន អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ព្រមទាំងលោក នាក់ សាន អធិការរងខណ្ឌ បានដឹកនាំកម្លាំង ចុះបិទទីតាំងហាងយីហោ « ផ្ទះផាតធី » លួចលាក់ បើកKTV ទទួលភ្ញៀវចូលផឹកសុី បំពានទៅនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល សេចក្តីសម្រេចលេខ២៤៩ ស ស រ ។

លោលអភិបាលខណ្ឌ បានបញ្ជាក់ឲ្យដឹងថា ហាងនេះបានលួចបើកKTV ឲ្យភ្ញៀវចូលផឹកស៊ី បំពានទៅនឹងវិធានការរដ្ឋបាល រាជធានីភ្នំពេញ ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹត បន្តឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ក្រោយការឃាត់ខ្លូន កម្លាំងសមត្ថកិច្ចនិងមន្ត្រីសុខាភិបាលបានយកសំណាក ពិនិត្យរកមើលជម្ងឺកូវីដ-១៩ដោយអវិជ្ជមានទាំងអស់គ្នា។ 

លោកអភិបាលបញ្ជាក់ថាបន្ថែមថា ក្នុងប្រតិបត្តិការ​នេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សប្រុសស្រី១៣នាក់ ( ប្រុស៦នាក់ និងស្រី៧នាក់ ) បញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី ៕  ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *