បាក់ប្លង់សេ ការដ្ឋានអគារខុនដូ ក្រុមហ៊ុន Rose Apple Square នៅក្រុងសៀមរាប

សៀមរាប ៖ ក្រោយពីការបែកធ្លាយនៃដំណឹង បាក់ប្លង់សេមួយផ្នែកធំ នៅការដ្ឋានអគារខុនដូមួយកន្លែង នាក្រុងសៀមរាប នៅតាមបណ្ដាញសង្គមហ្វេសបុក នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជាក់ថា ពិតជាមានការបាក់ប្លង់សេ ការដ្ឋានកំពុងសាងសង់អគារខុនដូមួយ នៅក្រុងសៀមរាបពិតមែន ។ 

សមត្ថកិច្ចបញ្ជាក់ថា ករណីនោះបានកើតឡើង កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដោយបាក់ប្លង់សេមួយផ្នែកធំ នៅជាន់ទី១ នៃអគារខុនដូ របស់ក្រុមហ៊ុន Rose Apple Square ដែលកំពុងសាងសង់ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ការបាក់នេះ បណ្តាលមកពីការធ្វេសប្រហែស នៃការសាងសង់ខុសបច្ចេកទេស ធ្វើឱ្យបាក់ស្រុត ខណៈកំពុងចាក់ប្លង់សេ ទ្រទម្ងន់មិនបាន ក៏បាក់ធ្លាក់ចុះ បណ្តាលឱ្យកម្មករមួយចំនួនរងរបួស តែមិនប៉ះពាល់ដល់ជីវិតនោះទេ ។ ពុំមានព័ត៌មានណាជាក់លាក់ ពីចំនួនពិតកម្មកររងរបួស និងរបួសធ្ងន់ឬស្រាលនោះទេ ដោយសារព័ត៌មានពីការបាក់នេះ អាចមានគេព្យាយាមលាក់បាំងបំផុត ដើម្បីឱ្យគេចផុតពីការទទួលខុសត្រូវ ចំពោះមុខថ្នាក់ដឹកនាំ ។ 

លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តសៀមរាបបានប្រាប់អ្នកសារព័ត៌មានដឹងថា ករណីនេះវាមិនមែនជាការបាក់ធ្លាក់បង់សេទាំងស្រុងនោះទេ គ្រាន់តែបាក់ធ្លាក់មួយផ្នែកតូច បណ្តាលមកពីការធ្វេសប្រហែស ។ អាជ្ញាធរបានសម្រេច ឲ្យផ្អាកការសាងសង់បណ្ដោះអាសន្នសិន ដើម្បីត្រួតពិនិត្យបច្ចេកទេស ជៀសវាងកុំមានបញ្ហាបន្តទៀត ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *