ពលរដ្ឋត្អូញត្អែររឿងហុយ និងរញ៉េរញ៉ៃនៅផ្លូវ៦០ម៉ែត្រ និងផ្លូវជាតិលេខ២ ខណ្ឌមានជ័យ

ភ្នំពេញ ៖ ទំនងជាកើតឡើងបញ្ហាដដែលៗពេក ពលរដ្ឋជាច្រើន បានបង្ហោះសារត្អូញត្អែរ ពីទុក្ខលំបាករបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសបុក ពាក់ព័ន្ធផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយសារហុយខ្លាំងរាល់ថ្ងៃ ហើយអ្នកបាញ់ទឹកសម្អាតដីនិងខ្សាច់ បាញ់មិនខ្វល់ពីអ្នកដទៃ ជាពិសេសបាញ់លាងខ្សាច់ ដីហូរចូលលូ ស្ទះលូលេចផ្លូវ លេចភូមិដ្ឋានពួកគាត់ទៅវិញ ។ 

ពលរដ្ឋត្អូញត្អែរថា « ក្នុងនាមជាប្រជាពលរដ្ឋ ដែលប្រើប្រាស់ ផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែក្រោម+លើខណ្ឌមានជ័យ សូមកោតសរសើរអស់ពីចិត្ត ចំពោះអាជ្ញាធរ សង្កាត់ទាំង២ ដែលខំប្រឹងប្រែងសហការ ជាមួយក្រុមហ៊ុនដឹកខ្សាច់ ក្នុងបាញ់សម្អាតភក់ ខ្សាច់ ដែលជ្រុះពេញផ្លូវ តែបាញ់មិនខ្វល់ខ្ទាត ប្រទ្បាក់ទ្បានម៉ូតូ ឬខ្លួនពលរដ្ឋ ។

ពួកគាត់លាងប្រើប្រាស់ថវិកាខ្លួនឯង ដោយមិនបានទទួលប្រយោជន៍អ្វីពីក្រុមហ៊ុន ឬអាជ្ញាធរសោះ មួយវិញទៀតខែភ្លៀងចូលមកដល់ អស់លោកបាញ់ដី ខ្សាច់ បញ្ចូលលូ ចុះពេលភ្លៀងរឿងអីមិនលិចផ្លូវ ទទួលស្គាល់ និងរីករាយដែលប្រទេសយើង កំពុងអភិវឌ្ឍន៍បានរីកចម្រើន តែសូមរកដំណោះស្រាយ អោយប្រសើរជាងនេះផង អរគុណណាស់🙏🙏🙏 » ។ 

ពលរដ្ឋម្នាក់ទៀតត្អូញត្អែរថា « ហេតុតែខ្លាចខាត ខំដាក់ឡើងហៀរ មិនជ្រុះខ្លះទើបចម្លែក ជាពិសេសពេលមានខ្យល់មិនបាច់និយាយ អ្នកជិះម៉ូតូពីក្រោយទៅដល់ផ្ទះវិញខោអាវប្រឡាក់អស់ ហើយបេីមានថ្មទៀតគេចចង់ផ្ញារជេីង ។ 

បេីចង់កាត់បន្ថយត្រូវត្រួតពិនិត្យពីបច្ចេកទេស ស្តង់ដារ  នៃការដឹកទំនិញប្រភេទ ដី គ្រួស ខ្សាច់ ឲ្យបានរៀបរយ ជាពិសេសពេលឆ្លងកាត់ក្រុង កុំបង្កឲ្យបរិយាកាស នៃការចរាចរណ៏រឹតតែពិបាក និងគ្រោះថ្នាក់ ជាពិសេសពិបាកស្តារលូជាញឹកញាប់។  មតិពីខ្ញុំជាប្រជាជនម្នាក់ ដែលបង់ពន្ធជូនរដ្ឋ » ។ 

ពលរដ្ឋម្នាក់ទៀតថា « រាល់ព្រឹកឃេីញតែបាញ់ បាញ់ ហេីយបាញ់ទៀត ដោយមិនទេីសក្បាលអ្នកណា មិនខ្វល់អ្នកណា ដោយមិនរកប្រភពបញ្ហា ចេះតែចាំបាញ់លាងតែប៉ុណ្ណឹង សុំសរសេីរពិតជាឆ្លោតមែន » ។ សូមជម្រាបថា ចំពោះបញ្ហាឡានដី ខ្សាច់ និងថ្មនេះ វាបានកើតឡើងរាប់ឆ្នាំមកហើយ ហើយអាជ្ញាធរពាក់ព័ន្ធក៏មានវិធានការបន្តបន្ទាប់ ប៉ុន្តែពលរដ្ឋលើកថា ការដោះស្រាយហាក់បីមិនចំបញ្ហា ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *