នារីជនជាតិចិន បើករថយន្តសេរីទំនើបបុកបុរសម្នាក់កំពុងដើរតាមផ្លូវស្លាប់ បន្តបុករថយន្តចំនួន៤គ្រឿងបន្ថែម

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងរថយន្ត៤គ្រឿងទៀតរងការខូចខាត ក្រោយគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយស្រ្តីជនជាតិចិនម្នាក់ បើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលបុក បុរសម្នាក់កំពុងដើរតាមផ្លូវ រួចបន្តទៅបុករថយន្តចតនៅចិញ្ជើមផ្លូវចំនួន០៤គ្រឿងបន្ថែមទៀត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកលតហេតុឃើញមានបុរសម្នាក់ដើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមានស្រ្តីវ័យក្មេងម្នាក់បើកបររថយន្តសេរីទំនើប ម៉ាក Rangrover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-2013 តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹង រថយន្តរ៉េចង្កូតទៅបុករថយន្តចតនៅចិញ្ជើមផ្លូវចំនួន០៤គ្រឿង រងការខូចខាតបន្ថែម រួចរថយន្តបង្កថយក្រោយប្រុងបើកគេច មកកិនបុរសរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។

សូមបញ្ជាក់ផងដែរ ក្រោយពេលកើតហេតុភ្លាមៗនគរបាលចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនស្រ្តីជនជាតិចិនអ្នកបើកបរនោះប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីសួរនាំ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងដើម្បីយករថយន្តបង្កនិងរងគ្រោះទៅស្នងការដ្ឋានដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវនគរបាលប្រគល់រថយន្តសាម៊ុយដឹកទៅតម្កល់រងចាំសាច់ញ្ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី៕ ដោយ គឹម សុខ ០៣

Leave a Reply

Your email address will not be published. Required fields are marked *