ឡានពេទ្យ បុកហាយឡែនឌ័រ វិលមួយជុំផ្ទប់និងបង្គោលភ្លើងស្លាប់បុរសម្នាក់

ភ្នំពេញ:បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរនាក់ទៀត បានរងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តពេទ្យមួយគ្រឿងបានជ្រុលបុកជាមួយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យរថយន្តហាយឡែនឌ័រវិលមួយជុំបោកផ្ទប់នឹងបង្គោលភ្លើងថ្មពេញទំហឹង។

ហេតុការណ៍នេះ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបវត្តអង្គតាមុិញ មុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវអង្គតាមុិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់អ្នកបើកបររថយន្តហាយឡែនឌ័រមានឈ្មោះ រឿង សារ៉ាយ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគក់ជេដី មានស្រុកកំណើត ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល។ចំណែកអ្នករងបួសធ្ងន់បើកបររថយន្តពេទ្យនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមសន្តិសុខម្នាក់ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគាត់ឃើញបុរសម្នាក់បើករថយន្តហាយលែនឌ័រ ពណ៌ខៀវ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2X-4505ធ្វើដំណើរ តាមបណ្ដោយផ្លូវអង្គតាមុិញទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបផ្លូវបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តមន្ទីរសុខាភិបាល នៃ រដ្ឋបាលរាជធានីភ្នំពេញ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរ នឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត ដោយមានបំពាក់ភ្លើងសញ្ញាសូមផ្លូវត្រឹមត្រូវ បានជ្រុលចង្កូតទៅបុក បញ្ឆិតគូទរថយន្តហាយឡែនឌ័រផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តហាយឡែនឌ័រ វិលមួយជុំទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្មនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយឡែនឌ័រកៀបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ដោយអកុសលជនរងគ្រោះរបួសធ្ងន់ពេកបានស្លាប់បាត់បង់ជីវិតត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ចំណែកអ្នកបើកបររថយន្តពេទ្យនិងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយ.ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *