ក្ដោបបានទាំងអ្នកលួច អ្នកសមគំនិតនិងអ្នកទិញ បទល្មើសលួចស្លាកលេខឡាន , ទីផ្សារទិញលក់ស្លាកលេខ ភាគច្រើនយកទៅបំពាក់រថយន្តអត់ពន្ធ

ភ្នំពេញ ៖ ជនសង្ស័យសរុប០៦នាក់ ពាក់ព័ន្ធបទល្មើសលួចស្លាកលេខរថយន្ត ត្រូវបានកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១​ មុនបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ 

ប្រភពមួយបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារទិញលក់ស្លាកលេខហាក់បីពេញនិយម រួចបង្កើតជាអំពើចោរលួចស្លាកលេខរថយន្តរបស់ពលរដ្ឋជាញឹកញាប់ ហើយភាគច្រើនពួកគេយកស្លាកលេខនោះ ទៅបំពាក់រថយន្តអត់ពន្ធ ។ កន្លងមកក៏មានម្ចាស់ស្លាកលេខពិតប្រាកដ បានជួបប្រទះដោយចៃដន្យ ឃើញស្លាកលេខរបស់ខ្លួន បំពាក់លើតថយន្តដទៃ ដោយមានម៉ាកនិងពណ៌ដូចគ្នា ហើយមានរថយន្តខ្លះ មានទាំងកាតគ្រីក្លែងក្លាយដូចរថយន្តពិតប្រាកដទៀតក៏មាន ។ 

លោកវរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត សមគំនិត និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ និង២៦ខែកញ្ញា ឆ្នាំ២០២១ កន្លងមក ។ 

នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យ នៅយប់ថ្ងៃទី២៤ ក្រុមជនសង្ស័យបានជិះម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ជាមធ្យោបាយធ្វើសកម្មភាពលួច ស្លាកលេខរថយន្ត ប្រជាពលរដ្ឋ ចតរថយន្តទុកនៅមុខផ្ទះ ក្នុងមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ។បន្ទាប់មកជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង រួចសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។ 

ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០៣ទៀត ដែលជាអ្នកសមគំនិតនិងអ្នកលួច រួចបន្តស្រាវជ្រាវ រហូតឃាត់បានម្នាក់ទៀត ជាអ្នកទទួលផលចោរកម្ម នៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កៅ ខណ្ឌខណ្ឌដង្កៅ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *