ប្រឹងលោតចេញពីរថយន្តឱ្យរួចជីវិត តែទូរកុងតឺន័រតាមមកធ្លាក់សង្កត់ចំស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់បានបាត់ជីវិត ខណៈបើករថយន្តកុងតឺន័រ សង្ស័យងងុយដេក រ៉េទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនិងដើមត្នោត បណ្ដាលឱ្យធ្លាក់ទូកុងតឺន័រសង្កត់លើ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិចុងថ្នល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានី ភ្នំពេញ ។ 

បុរសដែលស្លាប់មានឈ្មោះ គិត ចំរើន អាយុ៥០ឆ្នាំ មុខរបរបើករថយន្ត ទីលំនៅ ស្រុកអង្គរបូរី  ខេត្តតាកែវ បើករថយន្តកុងតឺន័រពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ3B-3694 និងរឺម៉កខាងក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A-0484 បើកតែម្នាក់ឯង ។ 

ប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តបើកតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើងពីស្ពានព្រែកសំរោង ទៅផ្លូវជាតិលេខ១ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ សង្ស័យតៃកុង ងងុយដេក ក៏រេចង្កូតមកខាងឆ្វេងទៅបុកបង្គោលភ្លើង ហើយរថយន្តក៏រ៉េចង្កូតមកខាងស្ដាំដៃវិញ ពេលនោះអ្នកបើកបរក៏លោតចុះពីលើរថយន្ត ក៏ស្រាប់តែទូរកុងតឺន័រទាំងពីរកំណាត់នោះ ធ្លាក់តាមមកកិនពីលើ បណ្ដាលសង្កត់ស្លាប់តែម្ដង ហើយរថយន្តបន្តបុកចូលទៅក្នុងដីឡូត៍ ក្បែរមុខផ្ទះប្រជាពលរដ្ឋ បុកដើមត្នោត កល់ជាប់ទៅមុខលែងរួច។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង ស្ទូចយករថយន្ត ទៅរក្សាទុកនៅ ចរាចរណ៍រាជធានីភ្នំពេញ និងសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *