ក្រុមហ៊ុនJet’s food cambodia ចុះMOUជាមួយសហគ្រាសកែច្នៃ ផលិតផ្លែឈើ ស្រស់ Navita

ភ្នំពេញ ៖ ក្រុមហ៊ុនJet’s food cambodia នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសហគ្រាសកែច្នៃផលិតផ្លែឈេីស្រស់ Navita រវាងលោកឧកញ៉ា ស្រី ចាន់ថន ជាអគ្គនាយក និងលោក អ៊ុយ ចេងហេង ជានាយកសហគ្រាស កែច្នៃផលិតផ្លែឈេីស្រស់ ណាវីតា ។

ពិធីនោះ ក្នុងគោលបំណងសហការយោគយល់គ្នារវាងក្រុមហ៊ុន Jet’s Food Cambodia និងសហគ្រាសកែច្នៃផលិតផ្លែឈេីស្រស់ណាវីតា ដែលជាសហគ្រាសរបស់កូនខ្មែរយើងសុទ្ធសាធ ដែលនឹងកំពុងកែច្នៃផ្លែឈើគ្រប់មុខចេញទៅជាដំណាប់ បង្អែមផ្លែឈើផ្សេងៗ ហើយភាគីទាំងពីរ បានចាប់ដៃរួមគ្នា សហការសិក្សាស្រាវជ្រាវ ផលិត និងកែច្នៃ រាល់ផ្លែឈើ ហើយនឹងប្រមូលទិញពីប្រជាកសិករខ្មែរយើង ដែលពួកគាត់កំពុងតែដាំដុះរាប់ម៉ឺនហិតតា លេីផ្ទៃដីទូទាំងប្រទេសកម្ពុជា ដើម្បីយកមកកែច្នៃ ផលិតចេញជាភេសជ្ជៈ ប្រភេទបង្អែមកំប៉ុង ជាដំណាប់ផ្លែឈើ ទឹកផ្លែឈើផ្សេងៗ មានដូចជា ផ្លែគូលែន សាវម៉ាវ ក្រូច មៀន តាង៉ែន..ជាដើម ។

ផលិតផលទាំងនោះ ត្រូវចម្រាញ់ចេញសុទ្ធ ពីផ្លែឈើធម្មជាតិពិតៗ អនាម័យខ្ពស់ ដោយមិនដាក់សារធាតុគីមី ឬមេស្ករនោះឡើយហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺ ក្រុមហ៊ុនព្រមទាំងសហគ្រាស នឹងខិតខំព្យាយាម ផលិតឲ្យបានសម្រេច យ៉ាងតិចចំនួន 2,400,000កេះ ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ជូនទីផ្សារក្នុងស្រុក ហេីយគ្រោងនឹងនាំចេញរាប់ម៉ឺនកេះទៀតសម្រាប់យកទៅ លក់នៅក្នុងទីផ្សារអន្តរជាតិ ។

ក្នុងពិធីនេះផងដែរ លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍បញ្ជាក់ដែរថា ការដែលក្រុមហ៊ុនធ្វើទាំងអស់ឡើងគឺដើម្បីជួយទៅដល់ ៖ ការគាំទ្រលើវិស័យ កសិឧស្សាហកម្មខ្មែរយើង ឱ្យកាន់តែរីកចំរើន ជួយបង្កើតទីផ្សាររបស់ប្រជាកសិករខ្មែរយើង ដែលកំពុងតែដាំដុះ ប្រភេទចំការផ្លែឈើ ហេីយក្រុមហ៊ុនបានបោះទុនវិនិយោគ ចំពេលដែលផលិតផល ក៏ដូចជាផលិតផលផ្លែឈើរបស់ប្រជាកសិករ ត្រូវការទីផ្សារស្រាប់ ហើយក៏ជាឱកាសយ៉ាងល្អ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ សមស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *