កម្មវិធីកំសាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស គឺត្រូវបានផ្អាក សម្រាប់ថ្ងៃចូលឆ្នាំថ្មីនេះ

ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះនៅ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា « ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនឹងមកដល់នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ ។ បងប្អូនប្រជាពលរដ្ឋ អាចប្រារព្ធពិធីសែន ទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន។ 

ចំពោះការប្រមូលផ្តុំ មនុស្សច្រើន នៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស គឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារ ប្រទេសយើង កំពុងចូលរួមប្រយុទ្ធប្រឆាំង កម្ចាត់មេរោគឆ្លងកូវីដ-១៩ជាមួយពិភលោក។  ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សំខាន់ខ្លាំងបំផុត។

ទន្ទឹមនឹងនេះ​ គឺមានវិធី ចាំបាច់ងាយៗមួយចំនួន ដែលពលរដ្ឋអាចធ្វើបាន ដើម្បីការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ ដុសលាងសម្អាតដៃ ជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគ និងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងពេលដែលមាន ការរីករាលដាលឆ្លង ដែលយើងមើលមិនឃើញ ដែលអាចនាំ មេរោគពីយើងទៅគេ ឬពីគេមកយើង ទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេល ស្នាក់អាស្រ័យ នៅជាដើម ។ 

ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿន សាហាវពេក ទើបរាជរដ្ឋាភិបាល សម្រេចដាក់បម្រាម ហាមមិនអោយ ពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើក ថ្ងៃចូល ឆ្នាំខ្មែរ២០២០ ទៅពេលក្រោយ ដែលនឹងសងជូន ថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែល ប្រទេសជាតិ វិលត្រឡប់ មកកាន់ស្ថានភាព ធម្មតាគ្មានជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តី ក៏បានអរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករ ដែលចូលរួម ប្រយុទ្ឋប្រឆាំង នឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារ ជាធម្មតា នៅក្នុងកំឡុងពេលចូលឆ្នាំនេះ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *