មេល្បែងស៊ីសង VA2888 ជានរណា ? បង្ក្រាបមិនបាន១០ថ្ងៃ លួចបើកទៀត ត្រូវអាជ្ញាធរបង្ក្រាបម្ដងទៀត

ភ្នំពេញ ៖ ក្រុមអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ដែលមាននាមយីហោ VA2888 ដែលល្បីរាប់ឆ្នាំ និងមានសាខាស្ទើរទូទាំងរាជធានីអាចនឹងមានលុយច្រើន ឬមានខ្នងបង្អែក ដ៏រឹងម៊ាំ និងមានល្បិចកលខ្ពស់មិនងាយឱ្យសមត្ថកិច្ចបង្រ្កាបបានដោយងាយៗនោះទេ ទើបគេលួចដំណើរការបានរាប់សិបឆ្នាំ ។ ពួកគេនោះ ហាក់មានកាន់កូនក្រក ឬមន្តអាគមដ៏ពូកែសាកសិទ្ធ ឆាប់ដឹងមុន នៅពេលសមត្ថកិច្ចចុះបង្ក្រាប ពួកគេរើភស្តុតាងចេញខ្ទេច ពេលសមត្ថកិច្ចទៅដល់ ឃើញតែសំបកផ្ទះជាដើម ឬឃើញបិទទ្វារជិតឈឹង សភាពស្ងប់ស្ងាត់ក៏មាន ។ តែទោះជាយ៉ាងណា ក៏នៅមានថ្ងៃអន្សាជាអន្លឺដែរ។   

ជាក់ស្ដែង នៅព្រឹកថ្ងៃ អាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ១០និង៣០ នាទីព្រឹក ដោយមានការចង្អុលបង្ហាញ ពីលោកហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះបង្រ្កាបទីតាំងអ៊ីនធើណេត០១កន្លែង ( បង្កប់ល្បែងស៊ីសងOnline) នាមករណ៍ វីអេ ២៨៨៨ ស្ថិតនៅផ្ទះលេខ45N3 ផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

អាជ្ញាធរឱ្យដឹងថា ទីតាំងខាងលើនេះ រដ្ឋបាលខណ្ឌបានធ្វើការបង្រ្កាប ម្ដងរួមមកហើយ ប៉ុន្ដែម្ចាស់អាជីវកម្ម នៅតែបំពាន និងការហាមឃាត់ របស់រដ្ឋបាលខណ្ឌ ។ ក្រុមការងារ បានសម្រេច ដកហូតយកសម្ភារៈមួយចំនួន និងម៉ូតូចំនួន ០៤គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ។ 

ប្រភពមួយបង្ហើបឱ្យដឹងថា ទីតាំងខាងលើត្រូវអាជ្ញាធរ បង្ក្រាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែល បានបើកទទួលអោយចូលភ្នាល់ល្បែងតាម អនឡាញ ទាំងយប់ទាំងថ្ងៃ ។ កន្លែងអាជីវកម្មខុសច្បាប់នេះមាន ដក និងដាក់ Account សំរាប់លេងហ្គេមគ្រប់ប្រភេទ , សេវាកម្ម ដក និងដាក់លុយ 24 ម៉ោងរហ័សទាន់ចិត្ត , មាន Live មាន់ជល់, Live Casino, Live បាល់ទាត់ និងហ្គេមផ្សេងៗ និងមានកម្មវិធី ចាប់រង្វាន់ប្រចាំខែ មាន Promotion 50% & ចាក់ចាញ់សងដើមវិញជាដើម ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *