ឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្រុងតាខ្មៅ

កណ្តាល ​​៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរបានឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា​ ឆ្នាំ២០២២​ ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឆន វីសា ភេទប្រុស អាយុ១៨ឆ្នាំស្នាក់ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង២-ឈ្មោះ ហូ-សៅលី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រែកហូរកើត០១សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់ និងម៉ូតូ​ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៥ពាក់ស្លាកលេខ1S-7408។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរបានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យ២នាក់កំពុងតែជិះម៉ូតូឌុបគ្នាកម្លាំងប៉ូលិសបានឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់ដាក់លាក់ទុកនៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ឈ្មោះ ឆន វីសា។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះឆន វីសាបានឆ្លើយសារភាពថា «ថ្នាំញៀនចំនួន១០កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែន»។

បច្ចុប្បន្ន​ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកប៉ូលិសផ្នែកជំនាញនៃអធិការដ្ឋានក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *