ថាក់ស៊ីនលាតត្រដាងផែនការវិលមកប្រទេសថៃវិញនៅឆ្នាំនេះ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅនិរទេសខ្លួនឯងក្នុងទីក្រុងឌូបៃ បាននិយាយថា គាត់គ្រោងនឹងត្រឡប់ទៅប្រទេសថៃវិញ “បម្រើប្រជាជននិងប្រទេសជាតិ” នៅឆ្នាំនេះ ប៉ុន្តែគាត់នឹងប្រាប់តែកូនស្រីម្នាក់គត់របស់គាត់ឈ្មោះ ផែថោងតាន់ ប៉ុណ្ណោះឱ្យដឹងថាពេលណាគាត់នឹងត្រឡប់មកវិញ ព្រោះវាជា “អាថ៌កំបាំងដ៏អស្ចារ្យ”។

លោកថាក់ស៊ីនបាននិយាយកាលពីយប់ថ្ងៃអង្គារទី៤មករាក្នុងអំឡុងវេទិកាមួយជជែកមួយហៅថា CARE Clubhouse x CARE Talk នៅលើ Youtube ដោយប្រើរហស្សនាមផ្ទាល់ខ្លួនរបស់គាត់ថា Tony Woodsome ។

ប្រធានបទសម្រាប់ពិភាក្សាគឺ “មេរៀនពីរលកយក្សស៊ូណាមីដើម្បីដោះស្រាយវិបត្តិកូវីដ។ ដើម្បីឱ្យប្រទេសនេះរស់រានមានជីវិតបាន ប្រទេសនេះគួរតែមានអ្នកដឹកនាំឈ្លាសវៃ។ តើត្រឹមត្រូវទេ?”។

លោកថាក់ស៊ីនបាននិយាយថា នៅឆ្នាំ២០២២ គាត់ចង់ឱ្យប្រជាជនថៃបន្តការអត់ធ្មត់ ដូចអ្វីដែលពួកគេធ្លាប់ឆ្លងកាត់កាលពីឆ្នាំកន្លងទៅ។

លោក​បាន​បន្ត​ថា “ខ្ញុំ​ផ្ទាល់​ចង់​ជូនពរឱ្យសុខសប្បាយ ប៉ុន្តែមិនដឹងថាតើនោះជាបណ្តាសាសម្រាប់មនុស្សដែលស្អប់ខ្ញុំឬអត់ទេ? ការជូនពរនោះ​គឺ​ឱ្យ​ខ្លួន​ខ្ញុំ​អាច​ត្រឡប់​មកស្រុក​វិញ​ដើម្បី​ជួយ​ដល់ការងារនេះ”។

លោកថាក់ស៊ីនបានរៀបរាប់​ពី​ការ​ជូនពរ​ឆ្នាំ​ថ្មី​ចំនួន​បួនប្រការ​របស់​គាត់ដូចតទៅ ៖

ទីមួយ ខ្ញុំចង់មើលថែចៅរបស់ខ្ញុំអស់មួយជីវិត។

ទីពីរ មិនថាអ្នកណាស្ថិតក្នុងជួររដ្ឋាភិបាលនោះទេ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយដោះស្រាយបញ្ហា ដោយមិនគិតថ្លៃ។

ទីបី ខ្ញុំចង់ផ្តល់បទបថកថា ហើយត្រឹមកាហ្វេទឹកកកមួយកែវគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។

ទី​បួន ខ្ញុំ​ឱ្យ​អ្នក​មានស្តុកស្តម្ភជនជាតិ​ថៃ​ចូល​រួម​ចំណែក​ជួយ​ដល់​ក្រុមហ៊ុន​អាជីវកម្មថ្មីថ្មោង។

លោកថាក់ស៊ីនបានបន្ថែមថា “ខ្ញុំសង្ឃឹមថា ខ្លួនខ្ញុំអាចជាកាដូឆ្នាំថ្មីឆ្នាំ ២០២២ ដល់ប្រជាជនថៃ ដើម្បីធ្វើការឱ្យពួកគេ និងប្រទេសជាតិ នៅពេលដែលខ្ញុំត្រឡប់មកវិញ។ ចំពោះពេលវេលានៃការត្រឡប់មកវិញរបស់ខ្ញុំ ខ្ញុំនឹងខ្សឹបប្រាប់តែចំពោះណុងអ៊ីង [កូនស្រីរបស់គាត់ឈ្មោះផែថោងតាន់] ហើយឱ្យនាងដឹងថាពេលណាខ្ញុំនឹងមកវិញ មិនអាចឱ្យនរណាម្នាក់ផ្សេងទៀតដឹងទេព្រោះវាជាអាថ៌កំបាំងដ៏អស្ចារ្យ។ ដំណឹងនេះនឹងមិនក្លាយជាបន្ទុកចំពោះប្រជាជនថៃទេ”។

លោកស្រី ធីផាណាន់ សិរីចាណា ជាអតីតអ្នកនាំពាក្យគណបក្ស Palang Pracharath ដែលបច្ចុប្បន្នកំពុងបម្រើការនៅលេខាធិការដ្ឋានទីស្តីការនាយករដ្ឋមន្រ្តី ជឿជាក់ថា ការសន្យាវិលចូលស្រុករបស់លោកថាក់ស៊ីនគឺមានបំណងបិទបាំងការចោទប្រកាន់ថាលោកប្រើឥទ្ធិពលលើគណបក្សនយោបាយដោយបំពានច្បាប់។

បើ​តាម​លោកស្រីធីផាណាន់ ការ​ជូនពរ​ខ្លួនឯង​របស់​លោកថាក់ស៊ីនគឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់គាត់​ច្រើនជាង​ផលប្រយោជន៍​ប្រជាជន។

លោកស្រីធីផាណាន់និយាយថា “តាមពិតទៅ ភាពស្ងៀមស្ងាត់របស់គាត់អាចជួយបានច្រើនជាងនេះ បើប្រទេសជាតិមានសន្តិភាព។ បើគាត់ចង់ធ្វើកាដូឆ្នាំថ្មីជូនប្រជាជនថៃ គាត់គួរតែត្រឡប់មកស្រុកវិញចូលប្រឈមមុខនឹងដំណើរការយុត្តិធម៌។ នេះគឺជាផ្លូវ​ដ៏រហ័សសម្រាប់​គាត់​ត្រឡប់​មក​ប្រទេស​វិញ”៕

Leave a Reply

Your email address will not be published. Required fields are marked *